១. សូមចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០ វត្តទៅហើយ ជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០ កន្លងមកនេះ។ បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិសាសនា នឹងត្រូវរលាយបាត់បង់។
២. នៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនានាលើសាកលលោក ការលេចឡើងនូវអ្នកដឹកនាំដែលត្រូវទទួលកាន់ចង្កូតនាវាប្រទេសជាតិ គឺអាចនឹងមានបេក្ខជនច្រើន ដូចនឹងការរីកដុះដាលស្អេកស្កះនៃរុក្ខជាតិផ្សិតក្នុងរដូវភ្លៀងធ្លាក់ ដែលក្នុងនោះមានផ្សិតខ្លះពោរពេញដោយជីវជាតិផ្តល់ឱ្យអ្នកហូបទទួលបានសុខភាពល្អ ហើយក៏អាចមានផ្សិតខ្លះទៀតជាផ្សិតពុលអាចបង្កជម្ងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតក៏ថាបាន។ ដូច្នេះការជ្រើសរើសឱ្យបានត្រឹមត្រូវ គឺមានតែពឹងទៅលើការពិចារណាឱ្យបានហ្មត់ចត់ល្អិតល្អន់តាមរយៈមេរៀន បទពិសោធន៍ ឬលទ្ធផលស្រាវជ្រាវពិសោធន៍ជាក់ស្តែងដែលយើងធ្លាប់បានឆ្លងកាត់ផ្ទាល់ ឬអ្នកដទៃចែករំលែកឱ្យបានដឹងនិងស្គាល់តែប៉ុណ្ណោះ។
៣. ក្នុងន័យនេះ ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។
៤. សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកតំបែរ និងខេត្តត្បូងឃ្មុំទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។