ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចំនួន ៨២គ្រួសារ និងរន្ទះបាញ់ ០១នាក់នៅ ក្នុងខេត្តបន្ទាយមានជ័យបានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅដែលកំពុងជួបការលំបាក។
ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទេសដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងរួមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបាននាំយកព្រះរាជអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨២គ្រួសារនិងរន្ទះបាញ់០១នាក់កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះនៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម,មី ២កេស,ត្រីខ១យួ ,សារុង ១,កៅស៊ូតង់ ១,ក្រមា ១,មុង១,ភួយ ១,អាវយឺត១,ម៉ាស១ដុំ,ទឹកសុទ្ធ២ដប,ថវិកា៤០ម៉ឺនរៀលនិងអ្នករបួសដោយរន្ទះបាញ់ទទួលបាន ថវិកា៨០ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គុយ សុផល មានប្រសាសន៍ ពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករឭកបំផុត ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជារាស្ត្រគ្រប់ៗរូបរបស់ព្រះអង្គ។
ឯកឧត្ដម បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា សូមឱ្យបងប្អូនត្រូវចេះថែរក្សាសុខភាពដោយការធ្វើអនាម័យស្អាត ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងជាពិសេសទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធានការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរបស់ប្រមុខរាជដ្ឋាភិបាល គឺ៣កុំនិង៣ការពារ នោះទើបជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុងនាមកូនចៅ ចៅទួតជាប្រជារាស្ត្រដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង សូមក្រាបថ្វាយ ថ្លែងអំណរព្រះករុណាទិគុណថ្វាយព្រះពរដល់សម្តេចព្រះវររាជជាតិខ្មែរហ្លួងម៉ែ និង សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រទានព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែនិងអង្គព្រះមហាក្សត្រដល់ទូលព្រះបង្គំយើងខ្ញុំសម្រាប់ដោះស្រាយដល់ ជីវភាពរស់នៅបានមួយរយៈ៕