យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ខណៈពេលដែលដូសទី៣ សម្រេចបាន ៧ ៦៣១ ២១៣ នាក់ និងដូសទី៤ សម្រេចបាន ១ ០៧៩ ៩០០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥៣ ៥១០ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០៣ ២០៥ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៤% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ៩២៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៩ ៣០៧ នាក់ ដែលស្មើនឹង ១០០.០៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៧ ៩៦៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥២ ២០១ នាក់ ដែលស្មើនឹង ១០៧.៤១% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦៧ ២០៥ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៥ ៣៦១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២០.៦៧%។
ជាមួយគ្នានេះសម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ វិញ អ្នកចាក់ដូសទី១ មានចំនួន ២៦០ ៧៤៣ នាក់ ដែលស្មើនឹង ៤២.៦៩% នៃក្រុមគោលដៅសរុបដែលមានចំនួនប្រមាណ៦០ម៉ឺននាក់។
ជាសរុបរួម ស្ថិតិនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា សម្រេចបាន ១៤ ៧៤៧ ៣៥៤ នាក់ ដែលស្មើនឹង ៩២.១៧% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ស្ថិតិនៃការចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕