ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.កខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។
ឯកឧត្តមអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ ឯកឧត្តមបន្តថា «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។
ទន្ទឹមនេះ ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គម គឺដើម្បីជាប្រយោជន៍សម្រាប់អនាគតប្រទេសជាតិ ។