ក្រុមហ៊ុនប្រេងឥន្ធនៈថៃត្រូវបានបញ្ជាឱ្យបន្តការស្តុកទុកប្រេងឥន្ទនៈបម្រុងពី ៦០ ទៅ ៧០ថ្ងៃ ដើម្បីធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ចំពេលដែលកំពុងមានវិបត្តិសកលលោកដោយសារភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមក្រសួងថាមពលរបស់ប្រទេសថៃ។
រដ្ឋាភិបាលថៃក៏បានប្រកាសផងដែរថា ខ្លួនក៏នឹងបង្កើនទុនបម្រុងប្រេងឆៅរបស់ប្រទេសថៃពី ៤ ទៅ៥ភាគរយ និងទុនបម្រុងប្រេងសម្រេចពី ១ទៅ ២ភាគរយ។
លោករដ្ឋមន្ត្រី Supattanapong Punmeechaow បានបញ្ជាក់កាលពីថ្ងៃទី១១ ខែមីនាថា ប្រេងម៉ាស៊ូតមានតម្លៃ ៣០បាត (០,៩ដុល្លារអាម៉េរិក) ក្នុងមួយលីត្រ នឹងនៅតែជួយដល់វិស័យដឹកជញ្ជូនបាន។
លោកបាននិយាយបន្ថែមថា នៅដើមសប្តាហ៍នេះ គណៈរដ្ឋមន្ត្រីបានយល់ព្រមលើកលែងពន្ធលើប្រេងម៉ាស៊ូត B0 (ម៉ាស៊ូតដែលមានធាតុស៊ុលហ្វួរតិចជាង ០,០០៥ភាគរយ) និងប្រេងដែលអាជ្ញាធរអគ្គិសនីថៃប្រើប្រាស់សម្រាប់ផលិតថាមពលរហូតដល់ថ្ងៃទី១៥ ខែកញ្ញា។
លោកបាននិយាយថា ការលើកលែងពន្ធនេះគួរតែជួយកាត់បន្ថយថ្លៃដើមនៃការផលិតអគ្គិសនី ដោយលោកបាននិយាយបន្ថែមថា ក្រសួងក៏កំពុងស្វែងរកការទិញអគ្គិសនីដែលមានតម្លៃថោកពីប្រភពផ្សេងៗគ្នាផងដែរ ដើម្បីការពារកុំឱ្យថ្លៃប្រើប្រាស់របស់ប្រជាពលរដ្ឋឡើងខ្ពស់ពេក៕