ត្បូងឃ្មុំៈ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំដើម្បីរៀបចំផែនការ កំណត់ភារៈកិច្ចទាំងការ ការពារសណ្តាប់ធ្នាប់ សុខភាព ជូនដល់សមាជិកសមាជិការដែលបានចូលរួម ក្នុងពិធីសម្ភោធមហាកុដិនិងឆ្លងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វាធំ) ស្ថិតភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន។
ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាលាខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលស្រុកត្បូងឃ្មុំ នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
ឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានលើកឡើងនូវការរៀបចំតាមររៀបវារៈក្នុងអង្គពិធី ជាពិសេសផែនការការពារសុខភាព សុខសុវត្ថិភាពពីសំណាក់កងទ័ពអាវស និងកងកម្លាំងទាំង៣។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា ចំពោះសមាសភាពចូលរួមត្រូវកំណត់ឲ្យបានច្បាស់លាស់ មតិស្វាមគមន៍ និងរបាយការណ៍នានា ពិសេសមតិសំណេះសំណាលរបស់គណៈអធិបតី ក៏ដូចជាគ្រឿងលម្អតុបតែង ផ្កាភ្ញី របៀបរៀបរយ សម្រាប់សោភ័ណភាពក្នុងទីតាំងទាំងមូល។
លោក ម៉ៅ ឌុង គូសបញ្ជាក់ថា សម្រាប់អ្នកចូលរួមទាំងអស់ត្រូវយកសំណាកមុន១ថ្ងៃ ដូច្នេះអ្នកដែលបានធ្វើសំណាកហើយ មានបិទស្ទីកឃើ ទើបអនុញ្ញាតិឲ្យចូលក្នុងកម្មវិធី ដែលត្រូវបានរៀបចំដោយមន្ទីរសុខាភិបាលខេត្ត មានរៀបចំម៉ាស បាញ់អាកុល ជូនឲ្យបានគ្រប់ចំនួនដល់អ្នកចូលរួម គឺយើងធានារក្សាការពារកុំឲ្យ មានការឆ្លងកូវីដ ពិសេសមេរោគបំប្លែងថ្មី (អូមេក្រុង)នេះតែម្តង៕