រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កូរ៉េខាងត្បូង លោក Jeon Hae-cheol បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កុមារអាយុពី ៥-១១ឆ្នាំ នៅចុងខែមីនានេះ ។
លោក Jeon បាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ថា សុវត្ថិភាពនៃវ៉ាក់សាំងជំងឺកូវីដ-១៩ សម្រាប់កុមារត្រូវបានបញ្ជាក់គ្រប់គ្រាន់នៅបរទេស ខណៈដែលអ្នកជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី ១១ឆ្នាំចុះក្រោមមានលើសពី ១៥ភាគរយនៃករណីសរុបទាំងអស់នៅក្នុងប្រទេស។
លោកបាននិយាយបន្ថែមថា «រដ្ឋាភិបាលនឹងអនុវត្តការចាក់វ៉ាក់សាំងដល់កុមារតូចៗដែលមានអាយុចន្លោះពី ៥-១១ឆ្នាំ ចាប់ពីចុងខែមីនានេះទៅ»។
លោករដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា ការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា នៅគ្លីនិកចំនួន ១ ២០០កន្លែងនៅទូទាំងប្រទេស ដោយអាចកក់ទុកមុនបានចាប់ពីថ្ងៃទី២៤ ខែមីនា។
រដ្ឋាភិបាលបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer Inc. សម្រាប់ក្រុមកុមារអាយុនេះកាលពីខែមុន មុនពេលការបើកសាលារៀនឡើងវិញសម្រាប់ឆមាសនៅនិទាឃរដូវថ្មីកាលពីដើមខែមីនា។
លោក Jeon បាននិយាយថា កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានចាប់ផ្តើមប្រើប្រាស់ការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញសម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២-១៧ឆ្នាំ ដែលបានបញ្ចប់ការចាក់វ៉ាក់សាំងពីរដូសរបស់ពួកគេយ៉ាងហោចណាស់បីខែមុន៕