ភ្នំពេញ÷សម្ដេចក្រឡាហោម ស ខេង វាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជន ដែលខិតខំធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែល មានការប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង មានប្រសាសន៍ថាបើទោះបីជាមានការខកខានរៀបចំពិធីជួបជុំគ្នាដូចថ្ងៃនេះមួយរយៈធំដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសម្ដេចមានក្ដីរីករាយបន្ទាប់ពីសង្កេតឃើញថាក្រុមការងារយុវជនទាំង៣ខេត្ត ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែលមានការប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ចេញវិធានការ ប្រកប ដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិសេសជោគជ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែល បង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យប្រទេសកម្ពុជា អាចឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញទៅតាមគន្លងប្រក្រតីភាពថ្មី និងធ្វើឱ្យមានការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍ផ្ដល់ទស្សនទានទៅកាន់អង្គពិធី ពិសេសក្រុមការងារយុវជនទាំង៣ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចការប្រទេសជាតិ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិផងដែរ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងាររៀបចំពិធីសំណេះសំណាលបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការចាក់វ៉ាក់សាំង បង្កើតបានភាពស៊ាំសហគមន៍ រហូតឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម តាមគន្លងប្រក្រតីភាពថ្មី ទទួលបានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ។
លោកបន្តថាក្នុងស្ថានភាពដ៏លំបាក បង្កឡើងដោយជំងឺកូវីដ-១៩ នេះ ក្រុមការងារយុវជនទាំង៣ ខេត្តបានរួមកម្លាំងសាមគ្គីគ្នា បន្តធ្វើសកម្មភាពការងារ ប្រកបដោយភាពសកម្ម និងបត់បែន ដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ដើម្បីរួមចំណែកបម្រើជាតិ និងប្រជាជន រួមទាំងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គាំទ្រដំណើរការចាក់វ៉ាក់សាំង ជួយសម្រាលបន្ទុកលំបាកប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយបញ្ហាផ្សេងៗ មានគ្រោះធម្មជាតិជាដើម និងជួយយុវជននៅតាមមូលដ្ឋានផងដែរ៕