ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា ព្រះស្តូប និងសមិទ្ធផលនានាក្នុងវត្ត អម្ពវ័នសិលារាម ហៅវត្តព្រែកចំឡាក់ ក្នុងឃុំកញ្ជារ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្ដម វ៉ា ថន អភិបាលនៃ គណៈអភិបាល ខេត្តក្រចេះបានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តក្រចេះមានវត្តសរុប១៧៧ វត្ត ក្នុងនោះមាន វត្តគណៈធម្មយុត្គិកនិកាយចំនួន១១វត្ត និងគណៈមហានិកាយចំនួន១៦៦ វត្ត មានព្រះសង្ឃសរុបចំនួន ១៤៧៨ អង្គ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ហាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រែកចំឡាក់ ឃុំព្រែកចំឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងការជួយ ជ្រោមជ្រែងពីថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់ថ្នាក់។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាន លើកស្ទួយ ជំរុញ និងផ្ដល់ឱកាស ផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា ក៏ប៉ុន្តែ ដោយ សារធនធានមានកំណត់ យើងពុំអាចកសាងឱ្យរីកចម្រើនបានគ្រប់ៗ វត្តអារាមនោះឡើយ។ ឯកឧត្ដមបញ្ជាក់ទៀតថា កត្តាទាំងអស់នេះ គឺទាមទារឱ្យមានការដឹកនាំ កៀរគរពីព្រះ ចៅអធិការវត្តគ្រប់ជំនាន់ ក៏ដូចជា គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើង វត្តនិងសប្បុរសជននានា ចូលរួមចំណែកកសាងទាំងអស់គ្នា។
យ៉ាងណាមិញ សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺបានមកពីការចូលរួម ពីគ្រប់ភាគី ពាក់ព័ន្ធ ដែលបានចូល រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពង្រឹង ដល់វិស័យសាសនា របស់កម្ពុជាឱ្យកាន់ តែរីកចម្រើនថ្កុំថ្កើងទ្វេឡើងថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ដិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផលរីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងរងផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការ គ្រប់គ្រង ស្ថានការបានល្អ ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនិងការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ស្រោចលើប្រជាពលរដ្ឋ កម្ពុជារហូត មកទល់ពេលនេះបានជាង ៩២ភាគរយ ក្នុងគោលដៅប្រជាជន១៦លាននាក់ និងគ្រប់គ្រងស្ថានការបានទាំងស្រុង។ ទាំងអស់នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះ បីជាមានការរិះគន់ពីក្រុម ប្រឆាំងក្រៅច្បាប់យ៉ាងណាក៏ដោយ៕