ខេត្តកណ្តាល៖ព្រឹកថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាលខេត្តកណ្ដាល បានចាត់តាំងប្រតិភូសាខាដឹកនាំលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់ច្រាំងព្រែកចំនួន ០៦ គ្រួសារ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនោះលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។
លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ហើយសម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។ ជាមួយគ្នានេះផងដែរ លោកនាយកសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការធ្វេសប្រហែស និងចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ ៖ ៣ការពារ និង៣កុំ ឱ្យបានគ្រប់ៗគ្នា ។
អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១កេស ,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ២០ម៉ឺនរៀល ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ បានផ្ដល់ជូននូវ អង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធដបតូច១កេស ជែល ១ដប ,ម៉ាស ២ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕