គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ចិនដីគោកបានរាយការណ៍នូវករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ៣ ៥០៧នាក់។
ក្នុងចំណោមករណីឆ្លងថ្មីក្នុងស្រុកទាំងនោះ មាន ៣ ០៧៦នាក់ត្រូវបានរាយការណ៍នៅក្នុងខេត្តជីលីន ១០៦នាក់នៅក្នុងខេត្តសានដុង ៥៣នាក់នៅក្នុងខេត្តស៊ាំងស៊ី ៥១នាក់នៅក្នុងខេត្តទានជីន ៤៨នាក់នៅក្នុងខេត្តក្វាងដុង ៣៣នាក់នៅក្នុងខេត្តហ្វ៊ូជាន ៣១នាក់នៅក្នុងខេត្តសេជាំង ២៤នាក់នៅក្នុងខេត្តលីអោនីង ២០នាក់នៅក្នុងខេត្តជាំងស៊ូ ១៣នាក់នៅក្នុងខេត្តហេបី និង ១០នាក់នៅក្នុងខេត្តចុងគីង។ ករណីដែលនៅសេសសល់ត្រូវបានរាយការណ៍នៅទីក្រុងសៀងហៃ ទីក្រុងហីឡុងជាំង ទីក្រុងកានស៊ូ ទីក្រុងប៉េកាំង ទីក្រុងក្វាងស៊ី ទីក្រុងយូណាន ទីក្រុងហ្គីចូវ ទីក្រុងអានហ៊ុយ និងទីក្រុងហឺណាន។
គណៈកម្មាការនេះបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីនាំចូលនៃជំងឺកូវីដ-១៩ សរុបមានចំនួន ៩៥នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។
គណៈកម្មការនេះបាននិយាយថា ករណីសង្ស័យថ្មីចំនួនពីរដែលបានមកដល់ពីខាងក្រៅចិនដីគោកត្រូវបានរាយការណ៍នៅក្នុងទីក្រុងសៀងហៃ។ គ្មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍នៅថ្ងៃនោះទេ។
កាលពីថ្ងៃច័ន្ទ ក៏បានមានករណីដែលមិនមានរោគសញ្ញាចំនួន ១ ៧៦៨នាក់ ដែលរួមមានទាំងអ្នកក្នុងស្រុកចំនួន ១ ៦៤៧នាក់ផងដែរ។ នេះបើយោងតាមគណៈកម្មការសុខាភាពជាតិ។
ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលបានរាយការណ៍នៅចិនដីគោក ទាំងក្នុងស្រុក និងករណីនាំចូលបានកើនឡើងដល់ ១២០ ៥០៤នាក់ដោយគិតត្រឹមថ្ងៃច័ន្ទ។
មានអ្នកជំងឺចំនួន ១១ ០៨៤នាក់កំពុងស្ថិតក្រោមការព្យាបាលកាលពីថ្ងៃចន្ទ ដោយក្នុងនោះមាន ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺសរុបចំនួន ៤ ៦៣៦នាក់បានស្លាប់ដោយសារវីរុសនេះនៅចិនដីគោកចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)