ភ្នំពេញ÷សម្ដេចក្រឡាហោម ស ខេង បានណែឱ្យអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ប្រកាន់យកការចរចា ដើម្បីឈានទៅបញ្ចប់បញ្ហាឱ្យបានឆាប់។
ក្នុងឱកាសអនុញាតឲ្យលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងវិវាទការងារដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានផ្ដោតលើករណីវិវាទរវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្ដេចតែងអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយ។
សម្ដេចក្រឡាហោមបញ្ជាក់ថា នាពេលនេះក៏មានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចាបន្តក្រោមការ សម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ផងដែរ។
បន្ទាប់ពីបានស្ដាប់នូវប្រសាសន៍ លើកឡើងរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណជូនសម្ដេចសម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញ ទៅមក។
ជាមួយគ្នានេះសម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដូចគ្នា និងបានបញ្ជាក់ថាសម្ដេចត្រៀមខ្លួនជានិច្ចសម្រាប់ការជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យនាឱកាសក្រោយៗទៀតតាមការចាំបាច់៕