យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការងារចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៧២៣ ១៨២ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១០៣ ១៨៤ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។
ជាមួយគ្នានេះ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥៦ ៨៥០ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០៧ ៣៨០ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៧% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៨ ៣៧៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦០ ៣១៥ នាក់ ដែលស្មើនឹង ១០០.០៦% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៩ ៨១៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥៥ ១២៣ នាក់ ដែលស្មើនឹង ១០៧.៥១% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦៩ ៧២៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៧ ០៥៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២១.៤៩%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៧៤ ២២៤ នាក់ ដែលស្មើនឹង ៤៤.៩០% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ បាន២៨ថ្ងៃ ឬ០៤សប្តាហ៍។
ជាសរុបរួម កម្ពុជាសម្រេចចាក់វ៉ាក់សាំងបានចំនួន ១៤ ៧៦៨ ៩៨៨ នាក់ ដែលស្មើនឹង ៩២.៣១% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ការងារចាក់វ៉ាក់សាំងនេះ រួមទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕