សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពលរដ្ឋ សូមកុំជេរ ហ៊ុន សែន ខណៈបញ្ហានេះគឺមកពីសង្គ្រាមរវាងរុស្សី និង អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់វិបត្តិសេដ្ឋកិច្ចពិភពលោក។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងក្រុង ព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំឱ្យពលរដ្ឋទាំងអស់ មានការយោគយល់ និងត្រូវដឹងអំពីបញ្ហាកំពុងកើតមានឡើង នៅលើសកលលោក ដោយកុំចាំតែជេរសម្តេច តែទោះបីជាយ៉ាងនេះក្តី សម្តេចនៅតែបញ្ជាក់ថា ដំណោះស្រាយនៅតែមាន ។
សម្ដេចតេជោបានគូសបញ្ជាក់ថា “សាំងឡើងថ្លៃសូមកុំជេរ ហ៊ុន សែន អី រឿងនេះ វាជារឿង សភាពការណ៍អន្តរជាតិ ដែលបានកើតឡើង សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វាបានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកលហើយ ។ អតិផរណា នៅសហរដ្ឋអាមេរិក គេថាមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ នៅអឺរ៉ុប ក៏កំពុងទទួលរងផលប៉ះពាល់”។
សម្តេចតេជោបន្តថា “ឥឡូវគេនាំគ្នាឈប់ទិញប្រេងពីរុស្ស៊ី នេះជាភ័ព្វសំណាងរបស់សហរដ្ឋអេមេរិក ដែលអាម៉េរិក ដាក់ទណ្ឌកម្មគ្រប់ផ្នែក ក៏ប៉ុន្តែនៅទិញ ប្រេងពីរុស្ស៊ី ប៉ុន្តែទៅដល់កាលដែលខឹង វេណេហ្ស៊ុអេឡា ឈប់ទិញប្រេង ពីវេណេហ្ស៊ុអេឡា ដើម្បីដាក់ទណ្ឌកម្មទៅលើវេណេហ្ស៊ុអេឡា ដល់ឥឡូវត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី។ អាម៉េរិក ត្រូវទៅចរចា ទិញប្រេង ពីវេណេហ្ស៊ុអេឡា ដើម្បីបញ្ឈប់ទិញប្រេងពីរុស្ស៊ីម្តង” ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ៗថា ប្រេងសាំងនឹងមានកា រឡើងថ្លៃបន្ថែមទៀត ប៉ុន្តែដំណោះស្រាយនៅតែអាចមានផងដែរ តាមរយៈការកាត់បន្ថយការធ្វើដំណើរ កាត់បន្ថមមធ្យោបាយធ្វើដំណើរជាដើម។
សម្តេចតេជោបានលើកឡើងថា “ការរអ៊ូនៅតែរអ៊ូ ដើរនៅតែដើរ ស្ទះឡានពេញតែផ្លូវ ប៉ុន្តែធ្វើម្តេចអាហ្នឹងជាតម្រូវការ ខ្ញុំអត់ទៅរារាំងបានទេ”៕