ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តឱ្យរដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សក្ដានុពលដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឱ្យបានជោគជ័យ។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ចូលជួបសម្ដេចការគួរសម នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ ក្នុងខណៈដែលព្រះអង្គម្ចាស់ ដឹកនាំគណៈប្រតិភូយាងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ ហ្វាសាល់ បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រ និងព្រះរាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្ដី និងបានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺតាមការណែនាំដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង។ ព្រះអង្គម្ចាស់បានបន្តថា តាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រទេសយើងទាំងពីរមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជា វិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ និងវិស័យកសិកម្ម ។ល។ ក្នុងន័យនេះព្រះអង្គម្ចាស់ ហ្វាសាល់ បានស្នើសុំការគាំទ្រពីសម្ដេចតេជោ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របជាមួយព្រះអង្គម្ចាស់ ហ្វាសាល់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឱ្យព្រះអង្គម្ចាស់ ហ្វាសាល់ ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សក្ដានុពលដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ដោយរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឱ្យបានជោគជ័យ។
សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហាន់ អាល់ សូដ នឹង មានជំនួបទ្វេភាគីជាមួយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជា និងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃដែលមានស្រាប់ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕