យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៣ ៨៩៥ ០៦៦ នាក់ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច (ដូសទី២)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ចំពោះការងារចាក់ដូសជំរុញវិញ ក៏កំពុងមានល្បឿនដ៏គួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៧៦១ ២៧៧ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១១៣ ៧៣៨ នាក់។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នូវតែបន្តអំពាវដល់ជនរួមជាតិទាំងអស់ ត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥៨ ៤០៩ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០៩ ៣៥៩ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៨% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៨ ៥៨៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦០ ៨៨៤ នាក់ ដែលស្មើនឹង ១០០.០៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤០ ៦១៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥៦ ៦៦៧ នាក់ ដែលស្មើនឹង ១០៧.៥៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧០ ៨៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៨ ១៥៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២១.៨៧%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៨០ ១៨៣ នាក់ ដែលស្មើនឹង ៤៥.៨៨% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ បាន២៨ថ្ងៃ ឬ០៤សប្តាហ៍។
ជាសរុបរួម កម្ពុជាសម្រេចការចាក់វ៉ាក់សាំងបានចំនួន ៩២.៣៧% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ការងារចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕