អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បានអំពាវនាវកាលពីថ្ងៃសៅរ៍ឱ្យប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកស្រឡាញ់សន្តិភាព ធ្វើការងាររួមគ្នាដោយការឯកភាព និងបន្តឆ្ពោះទៅអនាគតឈ្នះ-ឈ្នះសម្រាប់តំបន់នេះ។
លោក Le បាននិយាយនៅឯវេទិកាអន្តរជាតិលើកទីបួន ស្តីពីសន្តិសុខ និងយុទ្ធសាស្រ្តថា «វិបត្តិអ៊ុយក្រែនបានធ្វើឱ្យពិភពលោកស្ថិតនៅលើគែមមួយ ហើយវាក៏ផ្តល់នូវការឆ្លុះបញ្ចាំងមួយសម្រាប់ពួកយើងដើម្បីសង្កេតមើលពីស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ»។
លោកបាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាយុថ្កាមួយសម្រាប់សន្តិភាព និងស្ថេរភាពពិភពលោក ដែលជាក្បាលម៉ាស៊ីនសម្រាប់កំណើនពិភពលោក និងជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ស្ថានការណ៍ដែលមានការសន្យាបែបនេះមិនបានមកដោយងាយស្រួលទេ ហើយវាគួរតែត្រូវបានគោរពពីគ្រប់ភាគីទាំងអស់»។
លោក Le បានអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់ឱ្យមានការស្រឡាញ់សន្តិភាព និងមិនធ្វើឱ្យខូចដល់ភាពស្ងប់ស្ងាត់ក្នុងតំបន់ គោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយចេតនា លើកកម្ពស់ការរួបរួម និងកិច្ចសហប្រតិបត្តិការ និងមិនធ្វើឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នា ស្វែងរកឯករាជ្យភាព និងភាពរឹងមាំដោយខ្លួនឯង ហើយកុំឱ្យប្រទេសដទៃជាអ្នកសម្រេចលើអនាគតរបស់យើង។
លោក Le បាននិយាយថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយប្រទេសទាំងអស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមបដានៃពហុភាគីនិយមពិតប្រាកដ ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ការអភិវឌ្ឍរួម និងការបើកចំហនៃតំបន់ ព្រមទាំងរួមគ្នាមានការរំពឹងទុកកាន់តែភ្លឺស្វាងសម្រាប់សហគមន៍អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងអនាគតរួមគ្នា»។
លោក Le បាននិយាយថា ចាប់តាំងពីវិបត្តិនៅអ៊ុយក្រែនបានចាប់ផ្តើមមក ប្រទេសចិនបានធ្វើការងារយ៉ាងសកម្មដើម្បីលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព ដោយបានសម្តែងការគាំទ្រចំពោះសន្តិភាព និងធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់កិច្ចពិភាក្សានានា។
លោក Le បានកត់សម្គាល់ថា ទ្វីបអ៊ឺរ៉ុប គឺជាតំបន់សំខាន់មួយសម្រាប់សន្តិភាពពិភពលោក។
វាត្រូវបានបំផ្លាញដោយសង្គ្រាមលោកលើកទី២ ហើយនៅតែមិនស្ងប់ស្ងាត់ទេបន្ទាប់ពីសង្គ្រាមត្រជាក់។ ឥឡូវនេះភ្លើងនៃសង្រ្គាមត្រូវបានកើតឡើងវិញ។ នេះពិតជាទុក្ខសោកយ៉ាងខ្លាំង ហើយសំខាន់ជាងនេះទៅទៀត គួរតែជំរុញឱ្យយើងគិតពិចារណាឱ្យបានកាន់តែស៊ីជម្រៅពីមេរៀនដ៏ពិបាក និងឈឺចាប់ ហើយជាមូលហេតុឫសគល់ដែលស្ថិតនៅក្នុងចិត្តគំនិតសង្រ្គាមត្រជាក់ និងនយោបាយអំណាច៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល