រដ្ឋមន្ត្រីក្រសួងការបរទេស និងជាសមាជិកព្រឹទ្ធសភាពាណិជ្ជកម្មអូស្រ្តាលី លោកស្រី Marise Payne បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែនដែលទៅដល់ប្រទេសអូស្ត្រាលីនឹងទទួលបានទិដ្ឋាការរយៈពេល ៣ឆ្នាំដែលអនុញ្ញាតឱ្យពួកគេទទួលបានការធានារ៉ាប់រងសុខភាពពីរដ្ឋ និងប័ណ្ណអនុញ្ញាតការងារ។
លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអូស្រ្តាលីថា «យើងក៏នឹងផ្តល់ទិដ្ឋាការមនុស្សធម៌បណ្តោះអាសន្នដល់ជនជាតិអ៊ុយក្រែនដែលបានមកដល់ប្រទេសអូស្ត្រាលីផងដែរ។ ទិដ្ឋាការនេះនឹងមានសុពលភាពរយៈពេលបីឆ្នាំ និងអនុញ្ញាតឱ្យពួកគេធ្វើការងារ សិក្សា និងអាចទទួលបានការសេវាថែទាំសុខភាពផងដែរ»។
លោកស្រីបានកត់សម្គាល់ថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ជនជាតិអ៊ុយក្រែនប្រមាណជិត ៤ ៥០០នាក់បានទទួលទិដ្ឋាការមនុស្សធម៌ ហើយប្រជាជនអ៊ុយក្រែនជាង ៦០០នាក់ក្នុងចំណោមពួកគេបានចូលទៅក្នុងប្រទេសអូស្រ្តាលីរួចហើយ។
លោកស្រីបាននិយាយថា «រដ្ឋាភិបាលនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អ៊ុយក្រែន-អូស្ត្រាលី ដើម្បីធានាថាអ្នកដែលមកពីអ៊ុយក្រែននឹងត្រូវបានផ្តល់ការគាំទ្រពេញមួយជីវិតរបស់ពួកគេនៅក្នុងប្រទេសអូស្ត្រាលី។ យើងបានផ្តល់ជំនួយចំនួន ៤៥០ ០០០ដុល្លារអូស្ត្រាលី (៣៣៤ ១០០ដុល្លារអាម៉េរិក) ដល់ក្រុមសហគមន៍ដើម្បីជួយសម្រួលដល់ការធ្វើការងារបន្តរបស់ពួកគេ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋ Donbass លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ។ បណ្តាប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធររុស្ស៊ីដោយការដាក់ទណ្ឌកម្មទៅលើរូបវន្តបុគ្គល និងនីតិបុគ្គលមួយចំនួនរបស់រុស្ស៊ី៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)សម្រួលផ្សាយដោយ៖ ធូ កុសល