រសៀលថ្ងៃ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៥គ្រួសារ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលពីអាជ្ញាធរស្រុក ឃុំ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខា។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនរងគ្រោះខ្យល់កន្ទ្រាក់ចំនួន ៥៥គ្រួសារ ដែលជួបគ្រោះធម្មជាតិធ្វើឱ្យប៉ីងដំបូលផ្ទះ និង ដួលរលំផ្ទះ ហើយថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ បានយកទៅប្រើប្រាសដោះស្រាយ ជួសជុលបំពេញបន្ថែមនូវលំនៅឋានរបស់បងប្អូន ព្រមទាំងផលប៉ះពាល់ ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូន ដោយសារខកខានមិនបានចេញទៅបំពេញការងារខាងក្រៅ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្ញើនូវគ្រឿងឧបភោគទាំងនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរសាខាថ្នាក់ស្រុក មេឃុំ ដោយស្មារតីទទួលខុសត្រូវក្នុងឃុំ បានប្រមូលព័ត៌មាននានាទាក់ទងទៅនឹងគ្រោះមហន្តរាយនេះ និងផ្តល់ព័ត៌មានមកសាខា និងរាយការណ៍ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកស្បៀងអាហារទាំងនេះ ចែកជូនរបស់បងប្អូនរងគ្រោះ ។ មកដល់ពេលនេះនៅមានប្រជាពលរដ្ឋ ២៥គ្រួសារផ្សេងទៀត ដែលរងផលប៉ះពាល់ដោយ សារខ្យល់កន្ត្រាក់ យើងនឹងបន្តចែកជូននៅថ្ងៃស្អែកបន្តទៀត។ ថ្វីត្បិតគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះ មិនបណ្តាលឱ្យបាត់បង់ជីវិត ឬរបួសស្នាម និងស្នើឱ្យស្រុក ឃុំ បន្តយកចិត្តទុកដាក់តាមដានគ្រោះធម្មជាតិ ហើយកិច្ចការសំខាន់របស់យើង គឺជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋ និងរបួសស្នាម និងការជួសជុលផ្ទះឱ្យបានសមស្របឡើងវិញ។ រឿងគ្រោះធម្មជាតិគ្មានអ្នកណាម្នាក់ចង់នោះទេ បើវាកើតឡើងបង្កឱ្យមានផលលំបាក ខូចខាតទ្រព្យសម្បត្តិគួរឱ្យសោកស្តាយ។ ដូច្នេះសូមអំពាវនាវបងប្អូន ត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ នៅពេលមានបញ្ហាកើតឡើង អាយុជីវិតសំខាន់ជាងគេ ត្រូវរកកន្លែងមានសុវត្ថិភាពជាចម្បងមុនគេ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូស៤ ទើបមានប្រសិទ្ធភាពទប់ស្កាត់ ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានខិតខំប្រឹងប្រែង កៀរគរសុំមិត្តភក្កិ និងទិញវ៉ាក់សាំង ដើម្បីធានាឱ្យប្រជាពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់ពេលវេលា និងគ្រប់គ្នា ដោយគ្មានការរើសអើង បែងចែកឱ្យតែមនុស្សរស់នៅលើទឹកដីកម្ពុជា គឺចាក់វ៉ាក់សាំងជូនទាំងអស់ឱ្យបានពេញលេញ ដើម្បីការពារជំងឺកូវីដ-១៩។ ព្រមទាំងកោតសរសើរលោកមេឃុំ ជាមន្ត្រីដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើការងារបានលឿនឆាប់រហ័សចុះស្រង់ស្ថិតិរាយការណ៍ ដើម្បីវេចខ្ចប់អំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។
ក្នុងឱកាសនោះឯកឧត្ដម ក៏បាននាំយកអំណោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ កន្ទេល១ តង់១ ឃីតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) ម៉ាសក្រណាត់១ដុំ ជែល១ដប អាវយឺត និងថវិកា១០ម៉ឺនរៀល សម្រាប់ពលរដ្ឋរងគ្រោះប៉ីងដំបូលបន្តិចបន្តួច ៥០គ្រួសារ, ២០ម៉ឺនរៀលចំពោះផ្ទះប៉ីងដំបូលអស់រលីងចំនួនពីរខ្នងផ្ទះ, និង ១លានរៀល ចំពោះផ្ទះដួលរលំរាបដល់ដី ។
ទន្ទឹមនោះដែរឯកឧត្តម បានសន្យាជួយសាងសង់ផ្ទះដែលដួលរលំដល់ដីចំនួន ៣ខ្នង ធ្វើអំពីបេតុង ដំបូលសង្ក័សី មានទទឹង៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ផងដែរ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល