មុនពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំស្ដីពីការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ ឈិន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក សុខ ឈិន បានឲ្យថា ៖ គ្រប់គណបក្សនយោបាយទាំងអស់ ដែលត្រូវចូលរួមប្រកួតប្រជែងជ្រើសរើស សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវតែមកបំពេញឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលបានកំណត់ ក្នុងនោះគ្រប់បេក្ខជនទាំងអស់ ត្រូវបំពេញប្រវត្តិរូបដោយសរសេរដៃ ព្រោះថាគ្រប់បេក្ខជនទាំងអស់យ៉ាងហោចណាស់ ក៏ត្រូវចេះអាននិងសរសេរអក្សរខ្មែរអោយបានច្បាស់ផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ៖ គ្រប់គណបក្សនយោបាយទាំងអស់ សកម្មភាពក្នុងខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការឃោសនា ក៏ដូចជាការលើកស្លាកសញ្ញាផ្សេងៗ ប្រព្រឹត្តទៅដោយរលូននិងត្រឹមត្រូវតាមច្បាប់។
ឯកឧត្តម បន្តថា ៖ កន្លងមកមានគណបក្សនយោបាយមួយចំនួន តែងតែធ្វើសកម្មភាពប្រាស់ចាកពីគោលការណ៍ច្បាប់ ដើម្បីទាញយកប្រជាប្រិយភាព ឬក៏ដើម្បីបង្កភាពអាណាធិបតេយ្យផ្សេងៗ ដូចជាលើកស្លាកសញ្ញានៅទីតាំងដែលហាមឃាត់ ដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាដើម ។
ដូច្នេះដើម្បីឲ្យដំណើរការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាពគ្រប់គណបក្សនយោបាយទាំងអស់ មុនលើកស្លាកសញ្ញាត្រូវជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួល ។
សូមជម្រាបថា ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះសម្រាប់ឃុំ សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ មានចំនួន៦៤ និងមានបេក្ខជនឈរឈ្មោះតំណាងគណបក្សនយោបាយផងដែរ៕