សម្តេចតេជោ បានណែនាំគ្រូពេទ្យកម្ពុជា ឱ្យស្វែងយល់និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ខណៈដែលឱសថនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ ជាពិសេសនៅមជ្ឈិមបូព៌ា ក៏បានប្រើប្រាស់ឱសថនេះដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគ្រូពេទ្យកម្ពុជា ត្រូវធ្វើការសហការ នឹងទាញយក ផលប្រយោជន៍ ទៅលើការអភិវឌ្ឍន៍ផ្នែកថ្នាំបុរាណចិន ព្រោះនេះគឺជាផ្នែកកម្មសិទ្ធិបញ្ញាមួយដែរ ខណៈក្រុមគ្រូពេទ្យពីប្រទេសចិន ទាំង១២រូប នឹងចែករំលែកបទពិសោធទាក់ទងទៅនឹងការផលិតឱសថបុរាណចិននិងវ៉ាក់សាំងបង្ការកូវីដ១៩។ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលបានសម្តែងការស្វាគមន៍នូវវត្តមានក្រុមគ្រូពេទ្យទាំងនេះ។
សម្តេចតេជោបញ្ជាក់ថា ឱសថបុរាណចិននេះ បានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនខ្លួនឯង និងនៅក្នុងប្រទេសដទៃទៀត រាប់ទាំងប្រទេស ដែលមានសេដ្ឋកិច្ចវិវឌ្ឍជឿនលឿន ជាពិសេសប្រទេសដែលនៅមជ្ឈឹមបូព៌ាតែម្ដងដែលប្រើប្រាស់ឱសថនេះ សម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩។ ដូចនេះ សម្តេចតេជោ ស្នើឱ្យក្រុមគ្រូពេទ្យកម្ពុជា ត្រូវសហការជាក្រុមគ្រូពេទ្យមកពីប្រទេសចិន ដើម្បីទាញយក ប្រយោជន៍ទៅថ្ងៃក្រោយ ពីការផលិតឱសថបុរាណចិន សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩។
«ពេលយើងព្យាបាលកូវីដកន្លងទៅ ព្យាបាលដោយថ្នាំចិន ហើយថ្នាំចិននេះត្រូវបានបញ្ជូនឱ្យខ្ញុំ ខ្ញុំក៏បានលេបថ្នាំនេះដែរ ដោយមានថ្នាំការពារក៏មាន ហើយអ្នកដែលរស់នៅឌូបៃ ជាពិសេសនៅខាងមជ្ឈឹមបូព៌ា គឺប្រើប្រាស់ច្រើន មានថ្នាំការពារ ហើយក៏ មានថ្នាំសម្រាប់ព្យាបាល។
មានពេលមួយនៅចាំបានទេខ្ញុំឱ្យលោកជំទាវយក់សម្បត្តិ និងឯកឧត្តម វង្សីវិសុទ្ធ ថាឱ្យទិញឱសថនេះ ៥០លានគ្រាប់ភ្លាម ព្រោះកាលហ្នឹងសៀមរាបផ្ទុះខ្លាំង ដល់សៀមរាបផ្ទុះខ្លាំង គឺបិទខ្ទប់ហើយលេបថ្នាំចិនតែម្ដង ដោយគ្រាន់តែ មួយថ្ងៃ គឺលេបអស់ប្រមាណ៧លានគ្រាប់ក្នុងមួយថ្ងៃក្នុងមួយយុទ្ធនាកា។
ដល់ឃើញអ៊ីចឹងស្ថានភាពមួយប្រាវ ខ្ញុំក៏បញ្ជាភ្លាម ថាទិញ ៥០លានគ្រាប់មកភ្លាម ប៉ុន្តែកាលហ្នឹងយើងបានយកត្រឹមតែ២០ ទៅ៣០លានគ្រាប់តែប៉ុណ្ណឹង។ ព្រោះយើងមិនត្រូវទុកឱ្យប្រជាពលរដ្ឋរបស់យើង កើតជំងឺហើយ គ្មានថ្នាំព្យាបាលនោះទេ។»
សូមជម្រាបថា ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានអនុម័តឱ្យនាំចូលក្នុងទីផ្សារកម្ពុជា ពីក្រសួងសុខាភិបាលកម្ពុជា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាល។
ក្រោយមក ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានជ្រើសរើសបញ្ចូលនៅក្នុងគម្រោងព្យាបាលតាមផ្ទះ សម្រាប់អ្នកឆ្លង ជំងឺកូវីដ១៩ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានណែនាំឱ្យក្រុមគូពេទ្យជំនាញ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យ មកពី ប្រទេសចិន ដើម្បីពន្លឿនការងារផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាឱ្យបានលឿន ដើម្បីកាត់បន្ថយការលំបាក ក្នុងការដឹក ជញ្ជូនជាដើម។
សម្តេចតេជោបន្ថែមថា ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក ពោលគឺចាក់ឱ្យជោគជាំ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍៕