ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ “រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ” ក្រោមអធិបតីភាពឯកឧត្តសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា វីរុសកូវីដ-១៩ មិនថាប្រភេទណាជាប្រភេទណា សុទ្ធតែអាចអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន និងមិនមែនជាជំងឺផ្តាសាយនោះទេ។
លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “កន្លងមក ក្នុងពេលដែលមានការរាតត្បាតវីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង” យើងសង្កេតឃើញថា មានការយល់ច្រឡំមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋយើង ដូចជាការយល់ឃើញថាវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មានសភាពស្រាលៗដូចជាជំងឺផ្ដាសាយធម្មតា មិនឈឺធ្ងន់ ឬមិនស្លាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួន បានភ្លេចខ្លួន មានការធ្វេសប្រហែស មិនបានអនុវត្តវិធានការការពារខ្លួនឱ្យត្រឹមត្រូវ និងមានការយឺតយ៉ាវ ឬមិនទៅទទួលយកការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញនៅពេលដល់វេនចាក់ជាដើម។ នេះជាកត្តាប្រឈមធំ ក្នុងការឆ្ពោះទៅរកហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដែលជាកត្តាជំរុញឱ្យមានការចម្លងបន្តគ្នាកាន់តែច្រើនឡើងៗនៅតាមសហគមន៍ទៅវិញ”។
លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានបន្ថែមថា លទ្ធផលរំពឹងទុកក្នុងរយៈពេលខ្លី (Immediate output) របស់យុទ្ធនាការ “រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ” គឺប្រជាពលរដ្ឋនឹងមានការផ្លាស់ប្តូរការយល់ឃើញមិនត្រឹមត្រូវរបស់ខ្លួននេះ ដោយត្រូវចាប់ផ្តើមនិយាយប្រាប់ដល់មិត្តភក្តិ ក្រុមគ្រួសារ ឬសាច់ញាតិរបស់ពួកគាត់ថា វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មិនមែនជាជំងឺសាមញ្ញពេកដូចជំងឺផ្ដាសាយធម្មតានោះទេ វាមានការឆ្លងស្ងាត់ៗ និងលឿនខ្លាំង អាចបង្កហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារអ្នកបានគ្រប់ពេលទាំងអស់។
សកម្មភាពអប់រំផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទងហានិភ័យ និងការចូលរួមរបស់បុគ្គល គ្រួសារ និង សហគមន៍ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងសកម្មអស់រយៈកាលជាងពីរឆ្នាំមកហើយក្នុងការផ្តល់នូវចំណេះដឹង ការវិវត្តនៃស្ថានភាពជំងឺកូវីដ-១៩ និងហានិភ័យនៃការចម្លងវីរុស កូវីដ-១៩ ព្រមទាំងការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ឱ្យចេះរស់នៅធម្មតាក្នុងគន្លងប្រកតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ហើយដោយសារមានការយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងដៃគូនានា រួមទាំងវិស័យឯកជន បានចូលរួមនៅក្នុងសកម្មភាពអប់រំផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការសុខាភិបាលជាប្រចាំនៅទូទាំងប្រទេស ដែលនាំឱ្យមានការយល់ដឹង ក៏ដូចជាមានការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនគួរឱ្យកត់សម្គាល់ រួមចំណែក បានជាអតិប្បរិមាក្នុងការទប់ស្កាត់ការអូសបន្លាយខ្សែចម្លងកូវីដ-១៩ នៅក្នុងសហគមន៍យើង។
ដោយឡែក សម្រាប់លទ្ធផលរយៈពេលវែងរបស់យុទ្ធនាការនេះ គឺការបន្តនូវការអនុវត្តវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស លាងសម្អាតដៃជានិច្ចជាមួយទឹកស្អាត និងសាប៊ូ ឬអាល់កុលលាងដៃ ឬជែលលាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ បើកបង្អួចដើម្បីឱ្យមានខ្យល់ចេញចូលល្អ និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានឆាប់បំផុត នៅពេលដល់វេនរបស់លោកអ្នក។
យុទ្ធនាការនេះ នឹងបន្តប្រើប្រាស់សារអប់រំសំខាន់ៗមានដូចជា ទី១ ទំនាក់ទំនងអន្តរបុគ្គល និងក្រុមគ្រួសារ ដែលរួមមាន តម្រូវឱ្យមានការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិល បណ្តុះបណ្តាលធនធានមនុស្ស (ដូចជា អ្នកផ្តល់សេវា មិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្ត) ឱ្យចូលរួមផ្សព្វផ្សាយសារ និងសម្ភារអប់រំ តាមរយៈការផ្តល់សេវា ការប្រើប្រាស់សម្ភារអប់រំ ការជួបជុំក្នុងសហគមន៍ និងការផ្សព្វផ្សាយផ្ទាល់ បង្កើតជាជនបង្គោលសហគមន៍សម្រាប់ផ្សព្វផ្សាយ។ ទី២ បន្តធ្វើការអប់រំសុខភាព បង្ការការចម្លងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដូចជាបណ្តាញ ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា តាមរយៈទូរស័ព្ទជាដើម និងតម្រូវឱ្យធ្វើឡើងព្រមៗគ្នា គ្រប់ស្ថាប័នរដ្ឋ និងថ្នាក់ក្រោមជាតិ សេវាឯកជន និងតាមបណ្ដាអ្នកសារព័ត៌មាន ជាដើម។
ពាក់ព័ន្ធនឹងយុទ្ធនាការជាតិអប់រំសុខភាពនេះផងដែរ លោកជំទាវ បានបញ្ជាក់បន្ថែមថា យុទ្ធនាការនេះ គឺជាសកម្មភាពទូទាំងប្រទេសដ៏សំខាន់មួយបន្ថែមទៀតរបស់អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ ក្នុងគោលបំណង ដើម្បីជំរុញ និងបង្កើននូវការយកចិត្តទុកដាក់ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយសារអប់រំសុខភាព អំពីការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងសំដៅជំរុញបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យអញ្ជើញ មកទទួលយកចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានទាន់ពេលវេលា៕