ប្រទេសរុស្ស៊ី និងជប៉ុននឹងមិនអាចឈានដល់ការឯកភាពគ្នាជាឯកច្ឆ័នទាក់ទងនឹងប្រជុំកោះគូរីលបានទេ។ នេះបើយោងតាមអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌ្មីទ្រី មេដវេឌេវ បានសរសេរនៅក្នុងបណ្តាញតេឡេក្រាមកាលពីថ្ងៃអង្គារ។
លោកបាននិយាយថា «ប្រទេសរុស្ស៊ីបានបដិសេធមិនបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនទៀតទេ។ នៅក្នុងបរិបទនៃប្រជុំកោះគូរីល គឺជាជំហានដ៏ត្រឹមត្រូវជាប្រវត្តិសាស្ត្រដែលហួសពេលជាយូរហើយ និងយុត្តិធម៌»។
យោងតាមលោក មេដវេឌេវ បានឱ្យដឹងថា វាគឺជាក់ស្តែងណាស់ដែលប្រទេសរុស្ស៊ី និងជប៉ុននឹងមិនឈានដល់ការឯកភាពគ្នាជាឯកច្ឆ័នទាក់ទងនឹងជម្លោះនោះទេ។ លោកបាននិយាយថា «ភាគីទាំងពីរបានដឹងវាពីមុនមកហើយ»។
លោក មេដវេឌេវ បានកត់សម្គាល់ថា រដ្ឋធម្មនុញ្ញរុស្ស៊ីដែលបានធ្វើវិសោធនកម្មបានកំណត់ដោយផ្ទាល់ថា ទឹកដីនៃប្រទេសរបស់យើងមិនមែនជាកម្មវត្ថុនៃការផ្តាច់ខ្លួននោះទេ។
លោក មេដវេឌេវ បាននិយាយថា តាមគំរូរបស់សហរដ្ឋអាមេរិក ជនជាតិជប៉ុនចង់ធ្វើខ្លួនដូចជាដាវសាមូរ៉ៃឯករាជ្យដែលមានមោទនភាព និងបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ ការពិភាក្សាលែងមានន័យទៀតហើយ។ ហើយវាពិតជាល្អណាស់។
អ្នកនយោបាយរូបនេះបាននិយាយថា វាមានសារៈសំខាន់ជាងនេះក្នុងការដោះស្រាយការអភិវឌ្ឍនៃប្រជុំកោះគូរីល។ លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសរុស្ស៊ីបានដកដង្ហើមជីវិតថ្មីចូលទៅក្នុងទឹកដី ដោយលោកបាននិយាយបន្ថែមថា លោកបានទៅលេងកោះនោះជាច្រើនដង ហើយបានចាត់វិធានការដើម្បីជួយពួកគេ និងបានឃើញការកែលម្អជាក់ស្តែង រួមទាំងសាលារៀន ផ្លូវថ្នល់ និងអាកាសយានដ្ឋាន៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ធូ កុសល