ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានៅតំបន់គ្រីមៀ និងការទទួលស្គាល់សាធារណរដ្ឋប្រជាមានិត ដូណេតស្ក៍ និងលូហ្គានស្ក៍ ជាមួយរុស្ស៊ី បន្ទាប់ពីភាគីអ៊ុយក្រែនទទួលបានការធានាសន្តិសុខ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាស្ថានីយ៍ទូរទស្សន៍មកពីអឺរ៉ុប និងមកពីអ៊ុយក្រែនថា «នេះ គឺជាស្ថានភាពដ៏លំបាកបំផុតសម្រាប់គ្រប់គ្នា។ សម្រាប់បញ្ហានៅតំបន់គ្រីមៀ និងដុនបាសស៍ និងសម្រាប់អ្នករាល់គ្នាដើម្បីស្វែងរកផ្លូវចេញ អ្នកត្រូវតែអនុវត្តជំហានដំបូងនដែលខ្ញុំបានលើកឡើងនេះ សម្រាប់ការធានាសន្តិសុខ និងការបញ្ចប់សង្រ្គាម»។
យោងតាមលោក ហ្សេលេនស្គី បានឱ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ លោកបាននិយាយថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកឡើងនូវបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី ដោយបញ្ហាទាំងនេះមានសារៈសំខាន់ណាស់សម្រាប់យើង»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋដុនបាសស៍ លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីការពារប្រជាជនដែលបានទទួលរងពីការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយរបបទីក្រុងគៀវរយៈពេលប្រាំបីឆ្នាំ។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូគ្មានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ធូ កុសល