សម្ដេចក្រឡាហោម ស ខេងថ្លែងថា គម្រោងចំនួន៣ របស់ធនាគារពិភពលោក (WB) ដែលកំពុងអនុវត្តនាពេលនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋប្រទេសកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឱ្យប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកល នូវការអភិវឌ្ឍន៍ប្រកប ដោយចីរភាពសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗចំនួន៣ រួមមាន ៖ គម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង ពីសំណាក់ធនាគារពិភពលោក គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំង ចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់គោលដៅ នៃការអនុវត្តន៍នូវគម្រោងទាំងនេះ។
ជាការឆ្លើយតប លោក Benit Bosquet ប្រធានប្រចាំតំបន់ នៃធនាគារពិភពលោក ក៏បានសម្ដែងនូវការគាំទ្រចំពោះការលើកឡើងរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក បានលើកឡើងថា នេះគឺជាមូលហេតុមួយដែលលោក មានបំណងជួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ព្រមទាំងក្រុមការងារទទួលបន្ទុកកិច្ចការទាំងនេះ ហើយក៏ជាចំណុចដែលលោក មានបំណងលើកឡើងផងដែរ សម្រាប់ជំនួបពិភាក្សាការងារ នាពេលនេះ ពាក់ព័ន្ធទៅនឹងអ្វីដែល សម្ដេចក្រឡាហោម បានលើកឡើងចំពោះគម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។
លើសពីនេះទៀត លោក Benit Bosquet បានសម្ដែងការយល់ឃើញដូច សម្ដេចក្រឡាហោម ផងដែរថា ចំពោះអត្ថប្រយោជន៍ ដែលគម្រោងទាំងនេះបានផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺការចូលរួមជួយអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាគោលដៅក្នុងការអនុវត្តន៍គម្រោងទាំងនោះ។ លោកបានបន្ដថា ធនាគារពិភពលោក ក៏នៅតែបន្ដបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកតាមរយៈការអនុវត្តន៍គម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោក Benit Bosquet ក៏បានជម្រាបជូន សម្ដេចក្រឡាហោម និងគណៈប្រតិភូកម្ពុជា ថា មានកិច្ចការងារមួយចំនួនទៀត ដែលភាគីទាំងពីរ ត្រូវបន្ដជជែកពិភាក្សាគ្នានៅលើកិច្ចការងារបន្ថែមទៀត ពាក់ព័ន្ធទៅនឹងគម្រោងទាំងបីខាងលើនេះ សំដៅធ្វើយ៉ាងណាបង្កើតបាននូវនិរន្ដរភាពសម្រាប់ការអនុវត្តន៍គម្រោងទាំងនេះ ហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋបន្ដទៅមុខទៀត។
សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យបន្ដចូលរួមចំណែក ដើម្បីឱ្យការអនុវត្តន៍គម្រោងសំខាន់ៗទាំងនេះ សម្រេចបានជោគជ័យ។ តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក្រឡាហោម បានជម្រាបជូនបន្ថែមដល់គណៈប្រតិភូរបស់ ធនាគារពិភពលោក ថា សម្ដេចក៏បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តន៍គម្រោងទាំងនេះ ពិតជាឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងសំខាន់ៗទាំងនេះ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានមានប្រសាសន៍ជំរុញដល់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជជែកពិភាក្សា សំដៅធ្វើយ៉ាងណាទទួលបាននូវការគាំទ្របន្ថែមទៀតពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះ អាចបន្ដនិរន្ដរភាពសម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ៕