ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំង វិបត្តិសកលពីជំងឺកូវី -១៩ ធានាចីរភាពផលិតផលសរុបក្នុងស្រុក ជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង ទៅជា ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម គឺ ការប្រែក្លាយកសិករទៅជាសហគ្រិន។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជាគឺជាវិស័យអាទិភាព ដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភនិងការនាំចេញ ដែលចាំបាច់ត្រូវ វិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូន និងឡូជីស្ទីក ឥណទានកសិកម្ម ការស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រភេទពូជថ្មីៗ ការផ្សព្វផ្សាយបច្ចេកទេសទំនើប។
ជាមួយនេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពចំពោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដែលគ្រោងដាក់ឱ្យអនុវត្តន៍នាពេលដ៏ខ្លីខាងមុខ និងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយត្រូវធ្វើសមារណកម្មឱ្យកៀកទៅនឹងផលិតករសហគមន៍កសិកម្មនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលបាននិងកំពុងជួបប្រទះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ហដល់នូវអនុសាន៍មួយចំនួន ក្នុងនោះរួមមាន ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានាត្រូវខិតខំអនុវត្ត គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” ក្រោមកិច្ចសម្រប សម្រួលពីគណៈកម្មាធិការគោលនយោ បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ: ប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែ ប្រួលអាកាសធាតុ និងមានចីរភាព។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្ម ភាពដើម្បីអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។
ទី២. លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារតាមរយ:ការជំរុញឧស្សាហកម្មពូជដំណាំពង្រឹងការត្រួតពិនិត្យ និងបញ្ជាក់គុណភាពពូជដំ ណាំនិងធាតុចូលកសិកម្មការផ្តល់សេវាបច្ចេកទេសកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹងសមត្ថភាពសហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីព កែលម្អ សមត្ថភាពកសិដ្ឋានស្ថានីយពិសោធន៍ និងប្រែក្លាយមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មទៅជាមជ្ឈមណ្ឌលឧត្តមភាពកសិកម្ម សម្រាប់ផ្សព្វផ្សាយបចេ្ចកទេសកសិកម្មឱ្យបាន ទូលំទូលាយទូទាំងប្រទេស។
ទី៣. ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ពង្រឹងនិងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បីបង្កើនកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់នូវជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព។
ទី៤. ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និងជំរុញ ការអនុវត្តច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូត្តគាមអនាម័យ ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងរដ្ឋាករនៅច្រកព្រំដែនត្រូវសហការជាមួយជំនាញអនាម័យ និងភូត្តគាមអនាម័យ ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូត្តគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្មដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព សុវត្ថិភាពកសិផលនិងធាតុចូលកសិកម្មស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ។
ទី៥. ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃផលិតកម្មសត្វបង្កើនវិនិយោគ លើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ វិភាគជំងឺសត្វ បង្កើតស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជនដើម្បីវិនិយោគបន្ថែមទៀត នូវរោងចក្រផលិតចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូលចំណីសត្វផ្សំរួចពីបរទេស។
ទី៦.ត្រូវបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០ ១៦-២០៣០ ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុកនិងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើសជលផល ។ ត្រូវពង្រឹងការគ្រប់គ្រងនិងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹកនិងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ប្រភេទធនធានជលផល។ ត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ស្តី ពីជលផលដើម្បីពង្រឹងការគ្រប់គ្រងនិងអនុវត្តន៍អនុវិស័យជលផលនិងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។
ទី៧. ត្រូវបន្តពង្រឹងនិងពង្រីកសហគមន៍ព្រៃឈើតាមរយៈប្រព័ន្ធកសិរុក្ខកម្ម និងការចិញ្ចឹមសត្វការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃការស្តារព្រៃ ឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រការធានាចីរភាពបរិស្ថាន ស្របតាមគោលការណ៍ អភិវឌ្ឍន៍បៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ចនិងជីវភាពសង្គម។
ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធ ភាពនិងតម្លាភាព ។
មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល។
ទី៩. ត្រូវលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ឱ្យបានកាន់តែទូលំទូលាយ ។ស្ថាប័នពាក់ព័ន្ធធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិផលធុនតូចនិងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០ លានដុល្លារអាម៉េរិក។
ទី១០. ត្រូវពន្លឿនការរៀបចំនិងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មទំនើប បង្កើនផលិតភាព និង ពិពិធកម្មកសិកម្មដើម្បីគុណភាពសុវត្ថិភាព និងអាហារូបត្ថម្ភអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងអភិវឌ្ឍន៍ជំនាញឌីជីថលលើកកម្ពស់វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ប្រែក្លាយមន្ទីរពិសោធន៍តាមអនុវិស័យនីមួយៗ តាមស្តង់ដារ ISO និងចូលរួមដើម្បីបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជានាអនាគត។
ទី១១.ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអនុតំបន់ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្មជាមួយ និងការស្វែងរកទីផ្សារសម្រាប់ ផលិតផលកសិកម្មឱ្យបានទូលំទូលាយ ជាមួយប្រទេសនានាក្នុងបរិការណ៍នៃសកលូបនីយកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាជាសសរទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ។
គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់ក្រសួងកិសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា វិស័យកសិកម្មឆ្នាំ ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២ លានតោន កើនឡើងប្រមាណ ១១,៦ភាគរយ ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២ភាគរយ និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង៤,៣៦លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង១៩លានតោន។
ផលិតកម្មសត្វដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២ភាគរយ ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧ភាគរយ។ ដោយឡែកតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានប្រមាណ ៥ ០០០ លាន ដុល្លារអាម៉េរិកមានកំណើន ២៥ភាគរយ ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លាន ដុល្លារអាម៉េរិកលើសឆ្នាំកន្លងទៅ៕