គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២២ ខែមីនា បានអនុម័តផែនការ ១០ចំណុចដើម្បីបន្ធូរបន្ថយបន្ទុកនៃការចំណាយសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងស្រុកដោយសារផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលកើតឡើងពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចានអូចា ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកដែលលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃទី២២ ខែមីនាថា ជម្លោះនេះបានប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម និងដឹកជញ្ជូនទំនិញ និងសេវាកម្ម ដែលបណ្តាលឱ្យការចំណាយសម្រាប់ ការរស់នៅមានការកើនឡើង ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងកម្មករ។
លោកបាននិយាយថា បន្ទាប់ពីការវាយតម្លៃចំពោះស្ថានការណ៍រុស្ស៊ី-អ៊ុយក្រែន អាជ្ញាធរជឿជាក់ថា ជម្លោះនេះប្រហែលជាមិនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ លោកបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរិះរកមធ្យោបាយដើម្បីផ្តល់ជំនួយជាបន្ទាន់បន្ថែមពីលើវិធានការដែលបានដាក់ចេញរួច និងកំពុងប្រើប្រាស់នៅពេលនេះ។ លោកបាននិយាយបន្ថែមថា យ៉ាងហោចណាស់មានវិធានការថ្មីចំនួន ១០ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ចេញចាប់ពីខែឧសភាដល់ខែកក្កដា។
វិធានការថ្មីនោះរួមមានការបង្កើនការឧបត្ថម្ភធនរដ្ឋសម្រាប់ឧស្ម័នចម្អិនអាហារសម្រាប់អ្នកដែលមានប័ណ្ណសុខុមាលភាពរដ្ឋចំនួន ៣,៦លាននាក់ពីចំនួន ៤៥បាតដល់ ១០០បាតក្នុងមួយខែ ផ្តល់នូវការបញ្ចុះតម្លៃ ១០០បាតក្នុងមួយខែដល់អាជីវករចំនួន ៥ ៥០០នាក់ដែលមានប័ណ្ណសុខុមាលភាពរដ្ឋ និងកាត់បន្ថយថ្លៃសាំង ២៥០បាតក្នុងមួយខែសម្រាប់អ្នករត់ម៉ូតូឌុបចំនួន ១៥៧ ០០០នាក់ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ទន្ទឹមនឹងនេះដែរ តម្លៃលក់រាយឧស្ម័ន NGV នឹងរក្សានៅតម្លៃ ១៥,៥៩បាត (០,៤៧ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម។ អ្នកបើកបរតាក់ស៊ីម៉ែត្រក្រោមគម្រោង Lom Hai Jai Diow Gun (Breathe Together) នឹងត្រូវបានគាំទ្រដោយអាចទិញឧស្ម័នធម្មជាតិក្នុងតម្លៃ ១៣,៦២បាតក្នុងមួយគីឡូក្រាម។ អ្នកដែលប្រើប្រាស់អគ្គិសនីតិចជាង ៣០០យូនីតក្នុងមួយខែនឹងទទួលបានការកាត់បន្ថយពន្ធប្រេងឥន្ធនៈ ២២សាតាងក្នុងមួយឯកតាចាប់ពីខែឧសភាដល់ខែសីហា។ តម្លៃប្រេងម៉ាស៊ូតលក់រាយនឹងត្រូវរក្សាក្នុងតម្លៃ ៣០បាតក្នុងមួយលីត្ររហូតដល់ចុងខែមេសា។
ជាមួយគ្នានេះដែរ អត្រានៃការរួមចំណែករបស់សន្តិសុខសង្គមសម្រាប់ទាំងនិយោជក និងនិយោជិតនៅក្រោមផ្នែកទី៣៣ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម នឹងត្រូវកាត់បន្ថយពី ៥ភាគរយមកនៅត្រឹម ១ភាគរយ ដើម្បីផ្តល់ឱ្យនិយោជិតនូវអានុភាពនៃចំណាយកាន់តែច្រើន ហើយនិយោជកមានសាច់ប្រាក់ងាយស្រួលបន្ថែមទៀតសម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។
គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តផ្អាកនូវបំណុលពាក់កណ្តាលនៃបំណុលសរុបចំនួន ៩,៣ប៊ីលានបាត ដែលកសិកររាប់ពាន់នាក់ជំពាក់ធនាគាររដ្ឋ ហើយបំណុលដែលនៅសល់នឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងរយៈពេល ១៥ឆ្នាំ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)