ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រគល់ពានរង្វាន់លើកទឹកចិត្អ្នដល់អ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍៧០រហូតមកដល់បច្ចុប្បន្ននេះ ដើម្បីជាការលើកទឹកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងលើការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់វិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
ពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍៧០រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឡើងនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២២ នាទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
អ្នកសារព័ត៌មានដែលត្រូវបានជ្រើសរើស គឺជាអ្នកសារព័ត៌មានជនជាតិខ្មែរដែលបម្រើការឱ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា (អ្នកសារព័ត៌មានជនជាតិខ្មែរ បម្រើការឱ្យក្រុមហ៊ុនសារព័ត៌មានខ្មែរកាន់តែប្រសើរ)។ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើប្រវត្តិសិក្សា ការងារ បទពិសោធន៍ ស្នាដៃ និងការចូលរួមចែករំលែក ចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាល នៅក្នុងវិស័យសារព័ត៌មាន។
ដើម្បីឱ្យការជ្រើសរើសមានតម្លាភាព ក្រសួងព័ត៌មានបានសម្រេចបង្កើតគណៈកម្មការវាយតម្លៃ លើការផ្តល់ពានរង្វាន់នេះ ហើយសមាសភាពគណៈកម្មការនេះ គឺមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នានៅកម្ពុជា។ សូមបញ្ជាក់ថា នេះគឺជាលើកទី១ ហើយដែលក្រសួងព័ត៌មានបាន ប្រគល់ពានរង្វាន់ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ និងកែលម្អ វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០រហូតមកដល់ឆ្នាំ២០១០ ហើយនេះ មិនមែនជាពានរង្វាន់អ្នកសារព័ត៌មានឆ្នើមទេ៕