ជាទូទៅ បន្លែធម្មជាតិគ្រប់ប្រភេទពិតជាតម្រូវការដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់ រូបមិនអាចខ្វះបាន សម្រាប់យកមកចម្អិនកែច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃ។ យ៉ាងណាមិញ បើក្រឡេក មើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការលូតលាស់បានល្អ ព្រមទាំងទទួលបានផលយ៉ាង គាប់ប្រសើរ ដោយសារការដាំដុះត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំបានល្អ។
លោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានឱ្យដឹងថា ការដាំបន្លែស្ថិត ក្នុងតំបន់ភូមិសាស្ត្រនេះត្រូវពឹងផ្អែកទៅលើការថែទាំ គួបផ្សំនឹងអំណោយផល ពីអាកាស ធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់ និងទទួលបានផ្លែផ្កាគួរ ជាទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីក្រុមបណ្តុំអាជីវកម្មបន្លែធម្មជាតិ ដែលជានិច្ចកាល ក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយ ដើម្បីថែទាំបន្លែទាំងនោះកុំឱ្យមាន សត្វល្អិតចង្រៃ មកយាយី ពិសេសការប្រើជីធម្មជាតិជំនួយផងដែរ។
លោកអភិបាលរងស្រុកបានបញ្ជាក់ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រ ដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់ លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាពនោះឡើយ។ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធានក្រុមបណ្តុំ អាជីវកម្មបន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយ មានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្តុំ ហើយមន្ទីរកសិកម្មបានផ្តល់នូវសម្ភារសម្រាប់ដាំបន្លែ។
ចំពោះប្រភេទបន្លែដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាលាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។លោក មាស សំអុល បានបញ្ជាក់ទៀតថា បន្លែគ្រប់ប្រភេទដែលក្រុមបណ្តុំ អាជីវកម្ម បន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់ យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕