ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ (គ.ក.ស.ក) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ(ខ)សាលាខេត្ត ដោយមានមានការចូលរួមពីសំណាក់ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធាន គ.ក.ស.ក នាយករងរដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពាក់ព័ន្ធជាមួយការងារស្រ្តី នឹងកុមារជាច្រើនរូប។
ថ្លែងនាឪកាសនោះ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត មានប្រសាសន៏ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ និងអាចលើកឡើងនៅក្នុងអង្គប្រជុំ នាំមកនៅធាតុចូលសំខាន់ៗ ធ្វើយ៉ាងណាដើម្បីកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។
លោកជំទាវប្រធានគណៈកម្មាធិការ ក៏បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេស ឯកឧត្ដម-លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ ខៀវ សាមួន សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិទី៣ នេះ សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តអនុវត្តន៍ជម្រុញអោយការងាររបស់គណៈកម្មាធិការ អោយសម្រេចបានលទ្ធផលការងារល្អៗជាបន្តទៀតផងដែរ។
សូមជម្រាបថា ៖ ក្នុងកិច្ចប្រជុំនាឱកាសនេះ មានរបៀបវារៈ ចំនួន៣ រួមមាន
១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ។
២.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំប្រចាំត្រីមាសទី១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
ទី៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់គណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ៕