ប្រទេសសិង្ហបុរីបានសម្រេចចិត្តបន្ធូរបន្ថយវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ បន្ថែមទៀត ដែលជាផ្នែកមួយនៃការអនុវត្តថ្មីៗដើម្បីការរស់នៅប្រកបដោយសុវត្ថិភាពជាមួយនឹងជំងឺកូវីដ-១៩។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយកាលពីថ្ងៃទី២៤ ខែមីនាថា នៅក្នុងការអនុវត្តចុងក្រោយនេះ រដ្ឋបាលបានសម្រេចចិត្តដកចេញនូវវិធានការរឹតបន្តឹងភាគច្រើនសម្រាប់ការមកដល់របស់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច រួមជាមួយនឹងការពាក់ម៉ាស់ការពារជាកាតព្វកិច្ចផងដែរ។
ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្លាស់ប្តូរពីយុទ្ធសាស្ត្រទប់ស្កាត់ទៅជាការរស់នៅតាមបែបគន្លងថ្មីជាមួយនឹងជំងឺកូវីដ-១៩ វិញ ប៉ុន្តែត្រូវផែនការបន្ធូរបន្ថយមួយចំនួនត្រូវអនុវត្តដោយសន្សឹមៗដោយសារតែនៅតែមានការផ្ទុះឡើងជាបន្តបន្ទាប់។
ការកើនឡើងនៃករណីឆ្លងថ្មីដែលបណ្តាលមកពីវីរុសបម្លែងថ្មីអូមីក្រុងបានចាប់ផ្តើមថយចុះនៅក្នុងប្រទេសនេះ។ ប្រទេសសិង្ហបុរីបានកត់ត្រានូវករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន ២៦ ០០០នាក់នៅពេលដែលរលកនៃការឆ្លងបានកើនឡើងដល់កំពូលកាលពីក្នុងខែកុម្ភៈ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៩ ០០០នាក់កាលពីថ្ងៃទី២៣ ខែមីនា។
ភាគច្រើននៃករណីឆ្លងថ្មីទាំងនោះមានបង្ហាញចេញនូវរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា។ គួរកត់សម្គាល់ថា ប្រមាណ ៩២ភាគរយនៃចំនួនប្រជាជនទាំង ៥,៥លាននាក់នៅក្នុងប្រទេសសិង្ហបុរីបានទទួលការចាក់ថ្នាំវ៉ាក់សាំងគ្រប់ដូស ខណៈដែលប្រជាជន ៧១ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញមួយដូស៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)