នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោកប្រធានាធិបតី ចូកូ វីដូដូ បាននិយាយថា នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពកាន់តែប្រសើរឡើង រដ្ឋាភិបាលបានសម្រេចចិត្តបន្ធូរបន្ថយវិធានការរឹតបន្តឹងមួយចំនួន រួមទាំងការហាមប្រាមការធ្វើដំណើរក្នុងស្រុកក្នុងរដូវបុណ្យរ៉ាម៉ាដាន និងពិធីបុណ្យ Eid al-Fitr នៅក្នុងខែមេសា និងខែឧសភាផងដែរ។
ប្រជាជនម៉ូស្លីមនៅក្នុងប្រទេសប្រជុំកោះនេះអាចបន្តរៀបចំកម្មវិធីបែបប្រពៃណីក្នុងអំឡុងខែដែលត្រូវបានរឹតបន្តឹងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារការប្រឈមមុខនឹងជំងឺរាតត្បាត។
លើសពីនេះទៀត អ្នកធ្វើដំណើរបរទេសដែលមានលទ្ធផលតេស្តជំងឺកូវីដ-១៩ PCR អវិជ្ជមានក៏ត្រូវបានលើកលែងពីការធ្វើចត្តាឡីស័កផងដែរ។
នៅពេលមុននេះ ប្រទេសឥណ្ឌូណេស៊ីបានពង្រីកកម្មវិធីផ្តល់ទិដ្ឋាការពេលទៅដល់សម្រាប់អ្នកដំណើរអន្តរជាតិមកពី ៤២ប្រទេសដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai នៅក្នុងខេត្តបាលី៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)