អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់ចំពោះការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការការពារតំបន់មិនឱ្យក្លាយជាចំណុចក្តៅមួយទៀតនៃការកើតឡើងនូវភាពតានតឹង។
លោកបានចង្អុលបង្ហាញថា «យោធារបស់យើងពិតជាកំពុងតាមដានយ៉ាងដិតដល់ចំពោះការបាញ់បង្ហោះបែបនេះ។ វាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់តំបន់នេះពីការប្រែក្លាយទៅជាតំបន់មួយផ្សេងទៀតដែលមានការកើនឡើងនូវភាពតានតឹង»។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយបន្ថែមថា «វាមានសារៈសំខាន់ក្នុងការទប់ស្កាត់សកម្មភាពនានាដែលអាចបង្កឱ្យមានភាពតានតឹង»។
យោងតាមយោធារបស់ប្រទេសជប៉ុនបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់មីស៊ីលមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលហោះបានចម្ងាយប្រហែល ១ ១០០គីឡូម៉ែត្រ ដោយឈានដល់រយៈកម្ពស់អតិបរមាជាង ៦គីឡូម៉ែត្រ។ គ្រាប់មីស៊ីលនេះបានហោះអស់រយៈពេលប្រហែល ៧១នាទី។
នេះជាការបង្ហាញកម្លាំងលើកទី១២ ហើយរបស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំនេះមក។ កាលពីថ្ងៃទី២០ ខែមីនា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ខណៈដែលមានការបរាជ័យនូវការបាញ់បង្ហោះមួយនូវអ្វីដែលអាចជាគ្រាប់មីស៊ីលផ្លោងដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា។ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបកាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី៥ ខែមីនា៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)