យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដែលវាជាសកម្មភាពដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។
ការបង្ហាញកម្លាំងរបស់ទីក្រុងព្យុងយ៉ាងនេះ គឺជាលើកទី១២ ហើយនៅក្នុងឆ្នាំនេះ។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញនូវការបាញ់គ្រាប់មីស៊ីលនេះចេញពីអាកាសយានដ្ឋាន Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ២:៣៤នាទីរសៀល ហើយគ្រាប់មីស៊ីលនេះហោះបានចម្ងាយប្រហែល ១ ០៨០គីឡូម៉ែត្រនៅរយៈកម្ពស់ជាង ៦ ២០០គីឡូម៉ែត្រ។
JCS បាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់គ្រាប់មីស៊ីលនៅមុំខ្ពស់មួយ។ មន្ត្រីយោធាម្នាក់ទៀតបាននិយាយថា វាបានហោះយ៉ាងហោចណាស់អស់រយៈពេល ៧០នាទី។
JCS បាននិយាយនៅក្នុងសារមួយដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មានថា «សម្រាប់ភាពជាក់លាក់ផ្សេងទៀតនៅក្នុងការបាញ់គ្រាប់មីស៊ីលនេះ អាជ្ញាធរស៊ើបការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគយ៉ាងលម្អិត»។
JCS បាននិយាយបន្ថែមថា ភ្លាមៗបន្ទាប់ពីការបាញ់គ្រាប់មីស៊ីលនោះ លោកឧត្តមសេនីយ៍ Won In-choul ប្រធាន JCS និងឧត្តមសេនីយ៍ Paul LaCamera មេបញ្ជាការនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំនិម្មិតមួយ និងបញ្ជាក់ឡើងវិញនូវគោលជំហរការពារដ៏រឹងមាំរបស់សម្ព័ន្ធមិត្ត៕(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)