បន្ទាប់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បាននិងកំពុងតែបន្ដកើតឡើងមិនទាន់បញ្ចប់នៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាននិងកំពុងបន្តឡើងកម្តៅ តែពិភពលោកកំពុងស្រែក រកសន្តិភាព។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដែលកសាងឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃជាង៤០,៨៨លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ីបាននិងកំពុងកើនឡើង ហើយប្រជាជនអ៊ុយក្រែន ឬប្រជាជនរុស្ស៊ី ឬប្រជាជននៅអឺរ៉ុបបាននិងកំពុងភ័យខ្លាចសង្គ្រាមនេះដែលធ្វើឱ្យប្រជាជនរាប់លាននាក់បានភៀសខ្លួន។ សម្តេចតេជោបន្តថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះបានធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុប កំពុងតែភ័យខ្លាច និងព្រួយបារម្ភ អំពីសង្គ្រាមដែលអាចរីករាលដាល ហើយប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រកាសថាអ៊ុយក្រែនចង់បាននៅពេលនេះគឺសន្តិភាពជាការចាំបាច់ពីព្រោះសន្ដិភាពគឺជាទិភាពខ្ពស់បំផុតរបស់អ៊ុយក្រែននៅពេលនេះ។
សម្តេចតេជោបានអះ អាងថា “ប៉ុន្ដែភាសានេះ ហ៊ុន សែន បាននិយាយជាប់រហូតមកគឺសន្ដិភាពជាអាទិភាព ខ្ពស់ បំផុតរបស់កម្ពុជា។ ទស្សនៈរបស់ខ្ញុំមិនមែនជាទស្សនៈដាក់ដោយឡែកនោះទេ”។ សម្ដេច តេជោបានថ្លែងបញ្ជាក់ថា ពេលនេះ គឺបានឃើញហើយថា មនុស្សគ្រប់គ្នាត្រូវការ សន្ដិ ភាពជាមុន បើគ្មានសន្ដិភាពកុំនិយាយដល់ការអនុវត្ដលទ្ធិប្រជាធិបតេយ្យ ឬការគោរព សិទ្ធិមនុស្ស។ សម្ដេចតេជោតេជោបានអះអាងបន្ថែមថា “វាគ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអ្វីកើតទេ ប្រសិននៅក្រោមដំបូលគ្រាប់បែក និងគ្រាប់ផ្លោងនោះ។ ដូច្នេះបានជា បើទោះតម្លៃណាក៏ដោយ កម្ពុជាត្រូវតែខិតខំការពារនូវសន្ដិភាពដែលយើង រកបានដោយលំបាក”។
សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា សម្ដេចកំពុងតែរង់ចាំមើលថាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ និងការប្រឈមមុខដាក់គ្នារវាង អង្គការណាតូ និងរុស្ស៊ីផងដែរថាដល់ពេលណាទើបវាបញ្ជប់។ ចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះដែរ កម្ពុជាក៏សូមបន់ស្រន់ឱ្យការបញ្ជប់សង្គ្រាមឱ្យបានឆាប់ចប់ ប៉ុន្ដែសង្គ្រាមនេះ មិនអាចឆាប់ចប់បាននោះទេ បើយោងទៅលើទំនោរបែបនេះ ជាពិសេស បើទោះបីជាសេចក្ដីសម្រេចរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិ ម្ដងហើយម្ដងទៀត ហើយយប់មិញក៏មានការបោះឆ្នោតសារជាថ្មីម្ដងទៀត។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនេះ បញ្ហាគឺវាមិនមែន១ថ្ងៃ ឬ២ថ្ងៃនោះទេ ហើយផលវិបាកនៃសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវដោះស្រាយក្នុងរយៈពេលយូរ ពីព្រោះកម្រិតនៃការបំផ្លិចបំផ្លាញមានទំហំធំ ហើយត្រូវការបំផ្លាញចោលនូវគ្រាប់បែក គ្រាប់មីនមិនទាន់ផ្ទុះច្រើន។ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា ជាក់ស្ដែង ដូចជាកម្ពុជា រហូតមកដល់ពេលនេះហើយ នៅមិនទាន់បំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ ដែលចំណុចទាំងនេះ គឺត្រូវការពេលវេលាមួយយូរក្នុងការដោះស្រាយ។
សម្តេចតេជោបានអះអាងបន្ថែមថា “អ្នកដែលបង្កសង្គ្រាម សង្គ្រាមគឺងាយនឹងផ្ទុះ ប៉ុន្តែការពន្លត់សង្គ្រាម គឺវាពិបាក មិនមែនងាយស្រួលនោះទេ។ ខ្ញុំត្រូវប្រើប្រាស់ជីវិតរបស់ខ្ញុំជាងពាក់កណ្តាលជីវិតដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា”៕