ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយដែលមិនធ្លាប់មានពីមុននៅលើអតីតកោះលូហ្សូនកាលពីថ្ងៃទី២៨ ខែមីនា។
សមយុទ្ធរយៈពេល ១២ថ្ងៃនេះធ្វើឡើងក្រោមប្រធានបទ «បាលីកាតាន់» ដោយមានការចូលរួមពីកងយោធាជិត ៩ ០០០នាក់មកពីប្រទេសទាំងពីរ ដែលផ្តោតសំខាន់ទៅលើសន្តិសុខដែនសមុទ្រ ប្រតិបត្តិការនាវាចរណ៍ ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការប្រឆាំងអំពើភេរវកម្ម ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។
សមយុទ្ធជាកិច្ចការប្រចាំឆ្នាំ ប៉ុន្តែវាត្រូវបានលុបចោល ឬកាត់បន្ថយក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ហើយនេះជាសមយុទ្ធចុងក្រោយមុនការចាកចេញរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។
ប្រមុខដឹកនាំផ្នែកយោធារបស់ប្រទេសហ្វីលីពីន លោកឧត្តមសេនីយ អេនដ្រេស សិនទីណូ បាននិយាយនៅក្នុងពិធីបើកសមយុទ្ធនោះនៅទីក្រុងម៉ានីលថា សមយុទ្ធបាលីកាតាន់ជុំដ៏ធំបំផុតនេះឆ្លុះបញ្ចាំងពី «សម្ព័ន្ធភាពកាន់តែស៊ីជម្រៅ» រវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយឯកអាមេរិក លោក Jay Bargeron បាននិយាយថា «មិត្តភាព និងការជឿទុកចិត្តគ្នា» រវាងកងកម្លាំងប្រដាប់អាវុធរបស់ភាគីទាំងពីរនឹងអនុញ្ញាតឱ្យពួកគេទទួលបានជោគជ័យជាមួយគ្នានៅទូទាំងវិសាលគមនៃប្រតិបត្តិការយោធា៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)