ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបានព្រមានថា ករណីឆ្លងជំងឺកូវីដ-១៩ ត្រូវបានព្យាករថានឹងមានការកើនឡើងក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសឡាវនៅពាក់កណ្តាលខែមេសាខាងមុខនេះ។
ក្រសួងសុខាភិបាលនេះបាននិយាយថា វីរុសបម្លែងថ្មីអូមីក្រុងកំពុងបន្តធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេស ដោយបានដាក់សម្ពាធទៅលើវិស័យសុខាភិបាល។
រដ្ឋាភិបាលឡាវបានចេញបទបញ្ជាមិនឱ្យរៀបចំព្រឹត្តិការណ៍សាធារណៈសម្រាប់អបអរសាទរឆ្នាំថ្មីទេ។ ប្រជាជនត្រូវបានជំរុញឱ្យអនុវត្តវិធានការបង្ការឱ្យបានដិតដល់ និងត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារ។
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី២៩ ខែមីនាថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវបានកើនឡើងដល់ចំនួន ២ ១៨៣នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយរដ្ឋធានីវៀងច័ន្ទនៅតែជាចំណុចក្តៅនៃការឆ្លងរាលដាលដោយមានករណីឆ្លងថ្មីចំនួន ១ ១៣២នាក់៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)