នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Ismail Sabri Yaakob បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងការផ្លាស់ប្តូរកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការចំនួនប្រាំបួនរវាងក្រុមហ៊ុនម៉ាឡេស៊ី និងដៃគូអាជីវកម្មអន្តរជាតិរបស់ពួកគេនៅឯពិធីតាំងពិព័រណ៍ពិភពលោកទីក្រុងឌូបៃឆ្នាំ២០២០ នៅក្នុងប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី៣០ ខែមីនា។
នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងព្រឹត្តិការណ៍នោះ លោក Ismail បានឆ្លុះបញ្ចាំងទៅលើសមត្ថភាពធុរកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដោយបង្ហាញពីការជឿជាក់ថា ភាពជាដៃគូដែលបានបង្កើតឡើងនៅឯពិធីពិព័រណ៍នេះនឹងនាំមកនូវឱកាសថ្មីៗឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចព្រមព្រៀងទាំងនោះរួមមានទាំង អនុស្សរណៈនៃការយោគយល់ (MOU) ចំនួនប្រាំ និងអនុស្សរណៈនៃការរុករកអាជីវកម្ម (MOBE) ចំនួនពីរ នៅក្នុងវិស័យបំបាត់ការបំភាយឧស្ម័នការបូនិចនៅក្នុងឧស្សាហកម្មអគ្គិសនី ការផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព និងតម្លៃសមរម្យ និងការបង្កើតមជ្ឈមណ្ឌលដែលមានស្តង់ដារហាឡាលដំបូងគេបង្អស់របស់ពិភពលោកដែលទាក់ទងនឹងឱសថបង្កើតឡើងវិញជីវសាស្រ្ត និងការអប់រំនៅក្នុងប្រទេសម៉ាឡេស៊ី។
ពិធីតាំងពិព័រណ៍ពិភពលោកឆ្នាំ២០២០ បានក្លាយជាព្រឹត្តិការណ៍ពិសេសមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក ដើម្បីបញ្ជាក់ពីគោលជំហររបស់ពួកគេ ណែនាំពីសក្តានុពល និងការច្នៃប្រឌិត រួមចំណែកដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)