ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យបណ្តាប្រទេសជិតខាងអាហ្វហ្គានីស្ថានខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយគាំទ្រប្រជាជនអាហ្វហ្គានីស្ថានដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងមួយ។
លោក ស៊ី បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសារជាលាយលក្ខណ៍អក្សរមួយសម្រាប់កិច្ចប្រជុំលើកទីបីនៃរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជិតខាងអាហ្វហ្គានីស្ថាននៅទីក្រុងទុនស៊ី ខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន។
លោក ស៊ី បានចង្អុលបង្ហាញថា ដោយបានឆ្លងកាត់យ៉ាងច្រើននាពេលកន្លងមក អាហ្វហ្គានីស្ថានកំពុងត្រូវការការអភិវឌ្ឍជាបន្ទាន់នៅក្នុងវិស័យជាច្រើន។ ប្រទេសនេះបានឈានដល់ចំណុចសំខាន់នៃការផ្លាស់ប្តូរពីភាពវឹកវរទៅជាសណ្តាប់ធ្នាប់។
លោក ស៊ី បាននិយាយថា «អាហ្វហ្គានីស្ថាន គឺជាអ្នកជិតខាង និងជាដៃគូរួមរបស់ប្រទេសដែលចូលរួមទាំងអស់ ហើយយើងបង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នា ដែលតភ្ជាប់ដោយភ្នំ និងទន្លេដូចគ្នា ហើយយើងនឹងរួមសុខទុក្ខជាមួយគ្នា»។
លោកក៏បានកត់សម្គាល់ផងដែរថា សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន គឺជាសេចក្តីប្រាថ្នារបស់ប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ហើយវាក៏ជាផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។
លោក ស៊ី បានគូសបញ្ជាក់ថា ភាពស្និទ្ធស្នាល និងភាពជាអ្នកជិតខាងល្អ គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសមួយ។
លោក ស៊ី បាននិយាយថា «ប្រទេសចិនតែងតែគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថាន ហើយបានប្តេជ្ញាចិត្តគាំទ្រសម្រាប់ការស្វែងរកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់ខ្លួន»។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសជិតខាងអាហ្វហ្គានីស្ថានគួរតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកសាងមតិឯកភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីជួយគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថានក្នុងការកសាងអនាគតដ៏ភ្លឺស្វាងមួយ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)