ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋដែលជាសានិកឥស្លាម ងាយរងគ្រោះ ចំនួន ២៥០ គ្រួសារ ក្នុងស្រុកក្រូចឆ្មារ។
ពិធីនេះប្រព្រឹត្តទៅនៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត /ស្រុក ឃុំប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផងដែរ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បាននាំនូវការសាកសួរសុខទុក្ខ ផ្ទះសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរ ព្រួយបារម្ភពីសុខទុក្ខចំពោះប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត ពិសេសជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព ដោយសម្ដេចមិនភ្លេចការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺការចែកជូនជាបន្តបន្ទាប់ទៅតាមប្រភេទនៃការរងគ្រោះ មិនប្រកាន់រើសអើង ពេលនិន្នាការនយោបាយ សាសនា នោះឡើយ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា នូវរាល់អំណោយដែលបានចែកជូន គឺសុទ្ធតែជាការបរិច្ឆាក ទាំងថវិកា និងសម្ភារៈ របស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការ ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសូមទៅទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ កាត់បន្ថយការឆ្លងរាលដាលនៅក្នុងសហគមន៍ ។
ចំពោះអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ តាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំមកផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាត ចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល៕