ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានការពេញព្រះរាជហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា មានព្រះបន្ទូលដូច្នេះតាមរយៈព្រះរាជសារ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ប្រទានពរជូនសម្តេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដោយព្រះអង្គ ទ្រង់បញ្ជាក់បន្ថែមថា ៖ «ខ្ញុំមានព្រះរាជហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ និងសូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា»។
ព្រះរាជសារ បានបញ្ជាក់ផងដែរថា ៖ «ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ហើយទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ប្រជារាស្ត្រកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពនេះ»។
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះផងដែរ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់មានព្រះរាជហឫទ័យសោមនស្សរីករាយប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសចម្រើនជន្មាយុនេះផងដែរ និងទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាឧត្តមប្រយោជន៍ ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។
ព្រះរាជសារសម្តេចម៉ែ បានបញ្ជាក់ផងដែរថា ៖ «សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ»៕