ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខែ និងសមិទ្ធផលនៃការស្ដារ កលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា គម្រោងស្ថាបនាខ្សែផ្លូវទាំង៣៨ខ្សែ និងការងារស្តារ កែលម្អដងស្ទឹងសៀមរាប ដូចតទៅ៖ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ មានប្រវែងសរុប១០៨,៧៤គីឡូម៉ែត្រ បានសាងសង់ដោយអនុលោមទៅ តាមប្រភេទខ្សែផ្លូវ ដែលរួមមានដូចជា ផ្លូវប្រភេទទី១ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រ ទៅ ៧សង់ទីម៉ែត្រ។ ផ្លូវប្រភេទទី២ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ពីលើ។ ផ្លូវប្រភេទទី៣ ជាផ្លូវដែលមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើង វិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ។ ផ្លូវប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុង កៅស៊ូ AC ឡើងវិញ។
ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។
សម្ដេចពិជ័យសេនាបានបន្តថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ គម្រោងនេះ ត្រូវបានត្រួត ពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុម ការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បាន ចំណាយថវិកាអស់ ១៤៩,២១៦លានដុល្លារអាម៉េរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្ដល់ដោយរាជរដ្ឋភិបាលកម្ពុជា។
ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់ពីបទដ្ឋានលក្ខណៈ បច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ដោយបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ត្រទីក្រុង ដែល មានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើ និងប្រាសាទបុរាណ និងស្របជាមួយប្លង់គោល ប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។
ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែ ក៏បានរៀបចំនូវបណ្ដាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាម បណ្ដោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន១២ ២៩៩ទីតាំង មកបណ្តាញលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយនឹងការងារស្ថាបនាចំណតរថយន្ត សងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ប្រមាណ ៣,៨៥លានដុល្លារអាម៉េរិក ជាការផ្តល់ជូនដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពន្លឿនបញ្ចប់គម្រោងនេះផង និងជា ពិសេសជួយសម្រួលបន្ទុកចំណាយ របស់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩ផង។
សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបាននិងកំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអច្ឆរិយអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយបន្ថែមទៀត ដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ សុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ខ្សែផ្លូវទាំង៣៨ខ្សែនេះ បាននិងកំពុងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជនទៅ ជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅជំរុញកំណើនការ ដឹកជញ្ជូនគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ជាពិសេសគឺប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្តិសមជាទីក្រុងឆ្លាត វៃ(Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏មានប្រជាប្រិយភាព។
បន្ថែមពីលើនេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក្រុងសៀមរាបនឹងក្លាយទៅជាទីកន្លែងគោលដៅដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំពិធីបុណ្យប្រពៃណីជាតិធំៗ និងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ផងដែរ៕