ខេត្តត្បូងឃ្មុំ៖ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីពុទ្ធាភិសេកព្រះអង្គប្រក់នាគគោកធ្លកតំកល់ក្នុងប្រាង្គ ដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមក បច្ចុប្បន្នកាល និងទៅអនាគតកាលលនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ x១៦ ស្ថិតនៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ មានការធ្វើពិធីក្រុងពាលី បួងសួងបារមីយកពិលាជ័យ ព្រមទាំងនិមន្តព្រះសង្ឃ ០៩ព្រះអង្គ សូត្រមន្តចម្រើនព្រះបរិត្ត ទៅតាមក្បួនខ្នាតប្រពៃណី និងទំនៀមទំលាប់សាសនាផងដែរ។
ក្នុងនោះ អត្ថន័យព្រះអង្គគោកធ្លកផ្អែកលើមូលដ្ឋាន៣សំខាន់ៗរួមមាន ៖ ទី១៖ មូលដ្ឋានវប្បធម៌៖ ខ្មែរយើងបានកាន់ព្រះពុទ្ធសាសនា តាំងពីសម័យនគរគោកធ្លក ហើយព្រះអង្គគោកធ្លក គឺជាព្រះពុទ្ធរូបដែលមានប្រក់នាគក្បាល៧។ នាគប្រក់ មានអត្ថន័យថា «ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ៖ ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្តែងអការៈគោរពព្រះអង្គពេញ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចហើយ»។
សូមរំលឹកថា ក្រោយពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា គឺបានរៀបចំគម្រោងផែនការសាងសង់ តាមជំហ៊ានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។
ការសាងសង់នេះ បែងចែកជា៣ដំណាក់កាល រួមមាន៖
ជំហាន១៖ សមិទ្ធផលកើតឡើងក្នុងការរៀបចំពិធីរំលឹកខួបលើកទី៤៣ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំផ្ទាល់ និងមកបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយបានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ក្នុងនោះរួមមាន៖ វេទិកាទំហំ ៦,១ម៉ែត្រគុណ៤៧ម៉ែត្រ ១ខ្នង, សាលាដំណាក់, បន្ទប់អនាម័យ, ការបំពាក់ក្បាច់ហោជាងនៅសាលាដំណាក់ និងវេទិកា, ការងារធ្វើរបងព័ទ្ធជុំវិញកន្លែងប្រារព្ធពិធី និងសមិទ្ធិផលជាច្រើនទៀត។ គម្រោងទី១នេះ ប្រើប្រាស់ថវិកាសរុប១.៥៣៥.៧៥៨,១២ដុល្លារ។
ជំហានទី២៖ រួមមាន ៤ផ្នែកផ្សេងៗ៖ មានការងារសាងសង់អគារក្នុងនោះមានអគារមិត្តភាពកម្ពុជា-វៀតណាម ១ខ្នង ទំហំ១៨ម៉ែត្រគុណ៦៣ម៉ែត្រ កម្ពស់២ជាន់ សាងសង់បានប្រមាណ៨០%, ការងារសាងសង់ប្រាង្គ ព្រះអង្គគោកធ្លក និងខឿនជុំវិញ សាងសង់បានប្រមាណ៩០%,។ ការងារចម្លាក់រូបនាគធ្វើអំពីថ្មភក់បានប្រមាណ៧០% និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី២នេះ គ្រោងចំណាយថវិកាសរុបប្រមាណ២.២៦១.០៧៥,៨៨ដុល្លារ។
ជំហានទី៣៖ ផែនការសម្រាប់អនុវត្តបន្ត ការងារបំពាក់គ្រឿងសង្ហារឹមនៅអគារមិត្តភាពកម្ពុជា វៀតណាម, ដំឡើងជញ្ជាំងខ័ណ្ឌចម្លាក់ជាន់ទី១, បំពាក់រូបពិព័រណ៌រូបភាព, បំពាក់ស្គីន LED បន្ទប់ប្រជុំជាន់ទី១, បំពាក់ស្គីន LED បន្ទប់ជាន់ផ្ទាល់ដី, បំពាក់តុ កៅអី…និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី៣នេះ គម្រោងចំណាយថវិកាសាងសង់សរុប ១.០៣៧.០៨៩,៨៧ដុល្លារផងដែរ៕