នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគី និងអន្តរជាតិ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខាគយប្រចាំច្រកទ្វារ តាម បណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសនោះ លោក មួន សុភាព ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីដារ ក្នុងស្រុកមេមត់ ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ជំនួសលោក ផាន់ គឹមសន ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តត្បូងឃ្មុំវិញ , លោក ហាស់ ពណ្ណរិទ្ធ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងស្រុកមេមត់ និងលោក សុន ស ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ក្នុងស្រុកមេមត់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ បានលើកឡើងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធ ការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែន អនុវត្តបានយ៉ាងល្អប្រសើរនាពេល កន្លងមក។ ជាមួយគ្នានោះ លោកបានណែនាំឲ្យ ប្រធានច្រក ដែលបានប្រកាសឲ្យកាន់មុខតំណែង និងទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន ។
មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមសហការជាមួយមន្ត្រីគយប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕