ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមបន្ថែមថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដើម្បីទ្រទ្រង់សកម្មភាពរបស់សមាគម ក្នុងការជួយដល់កុមារកំព្រាឱ្យទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ។
ហើយនាឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខកំប៉ុង ៤កេស ទឹកត្រី ៥យូរ ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ អាល់កុល១កាន ម៉ាស់ ១កេសធំ ជែល ៤កេស និងថវិកា ៤លានរៀលផងដែរ ក្នុងនោះដែរបុគ្គលិកសមាគមម្នាក់ៗថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្សម្នាក់ៗថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ៕