សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំការប្រកួតវាស់ស្ទង់បច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ លើវិញ្ញាសារត់ចម្ងាយឆ្ងាយ៤០គីឡូម៉ែត្រ នៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ ដើម្បីបង្កើនគុណភាពបច្ចេក ទេសជម្រើសជាតិវ័យក្មេង ត្រៀមឆ្ពោះប្រជែងមេដាយមាសពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
គ្រូជម្រើសជាតិជិះសេះ លោក ហូយ សុផារិទ្ធ បញ្ជាក់ថា ការប្រកួតវិញ្ញាសារត់ចម្ងាយឆ្ងាយនេះ រៀបចំរយៈពេល៣ថ្ងៃ ដោយសិទ្ធផលកីឡាករ កីឡាការិនី មានការកើនឡើងទាំងបច្ចេកទេស និងការបញ្ជាសេះ។ ក្នុងនោះក៏មានបញ្ហាប្រឈមខ្លះៗដែរ ដូចជាទីលាន ចំនួនសេះមានតិចតួច ។ ប៉ុន្តែលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ នៅតែបន្តជំរុញការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីសម្រួចគោលដៅ មេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រៅវិញ្ញាសានេះ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក៏កំពុងសម្រួចបច្ចេកទេសរបស់ក្រុមជម្រើសជាតិលើវិញ្ញាសាជិះសេះផ្លោះរបារ នៅក្លិប CCC រាជធានីភ្នំពេញ ដូចគ្នាផងដែរ។ គ្រូជម្រើសជាតិរូបនេះបានបន្ថែមថា នេះជាការប្រកួតវាស់ស្ទង់ លើកទី២ រៀងរាល់៦សប្តាហ៍ម្តង បន្ទាប់ពីបានហ្វឹកហាត់តាមកម្មវិធីយ៉ាងសកម្ម។
លោកជឿជាក់ថា តាមរយៈការកម្មវិធីហ្វឹកហាត់នេះ ក្រុមកីឡាករ កីឡាការិនីជិះសេះ នឹងអាចបង្កើនបច្ចេកទេសបានល្អជាងនេះ ខណៈវិញ្ញាសាជិះសេះរត់ចម្ងាយឆ្ងាយនឹងត្រូវបង្កើនពីការហ្វឹកហាត់-ប្រកួតដំណាក់កាលដំបូងពី៤០គីឡូម៉ែ្រទៅ៦០ និង៨០គីឡូម៉ែត្រ តាមវិញ្ញាសាស៊ីហ្គេម។
ការប្រកួតលើកទី២នេះ ជ័យលាភីលេខ១ ដណ្តើមបានដោយកីឡាករ ឌុន សុខន លេខ២ កីឡាករ លី សុវណ្ណ និងលេខ៣ កីឡាករ លី ម៉េងលាង។
កីឡាករ ឌុន សុខន និយាយថា ឆន្ទៈរបស់ខ្លួន គឺប្រឹងប្រែងអំណត់ ការតស៊ូធ្វើយ៉ាងណាឱ្យគុណភាពបច្ចេកទេសជិះសេះ កាន់តែមានលទ្ធផលល្អប្រសើរជាងនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះសង្ឃឹមថា ជាមួយនឹងការខិតខំអស់ពីលទ្ធភាព និងប្រឈមក្នុងបញ្ហាលំបាកទាំងឡាយក្នុងពេលហ្វឹកហាត់ នឹងជួយឱ្យខ្លួនឯងអាចសម្រេចនូវគោលបំណងថ្ងៃណាមួយ ជាក់ជាមិនខាន ៕