សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្ត(គគីរ-ច្រាប) ស្ថិតនៅភូមិគគីរ-ច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្តេចអគ្គមហាពញាចក្រី បានថ្លែងកោតសរសើរ និងអបអរសាទរប្រកបដោយក្តីសប្បាយរីករាយ ជាទីបំផុតប្រគេនចំពោះព្រះគ្រូចៅអធិការវត្ត ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង សប្បុរសជនជិតឆ្ងាយទាំងអស់ ជាពិសេសក្រុមការងារ ដែលបានចូលរួមចំណែកដ៏សំខាន់ ដោយបានបរិច្ចាគជាសម្ភារៈ ថវិកា កម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថាព្រះវិហារ និងសមិទ្ធផលនានាដែលកំពុងរៀបចំពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើបា្រស់នាពេលនេះ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ អំពីតម្លៃនៃការចូលរួមនិងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងស្មារតី វប្បធម៌ នៃការចែករំលែក។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្តថា ជាការពិតណាស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងខណៈពេលដែលកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ករនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ សង្គមនិងសេដ្ឋកិច្ច វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើរដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងបានសរបញ្ជាក់ឲ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃវប្បធម៌ចែករំលែក និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយដែលជួបការលំបាក។ កាយវិការដ៏ប្រពៃនេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរប្រុស ស្រី ក៏ដូចជាពលរដ្ឋបរទេសផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា វប្បធម៌នៃការចែករំលែក មានតម្លៃធំធេង នៅគ្រប់កាលទេសៈ ជាពិសេសនៅក្នុងគ្រាមានភ័យន្តរាយ ឬអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការការពារ និងជួយជនរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវមនុស្សជាតិនៃជំងឺរាតត្បាតកូវីដ-១៩ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែកក្នុងចំណោមពលរដ្ឋខ្មែរ ដែលត្រូវបានគេគោរព និងកោតសរសើរក្រៃលែង។
សម្តេចបានសង្កត់ធ្ងន់ថា គុណធម៌របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់និងគោរពកោតសរសើរបំផុត ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះការស្វែងរកជំនួយ ការទិញវ៉ាក់សាំងពីប្រទេសនានា និងការព្យាបាលអ្នកជំងឺកូវីដ រហូតជាសះស្បើយ ការផ្តល់និងចាក់វ៉ាក់សាំងនៅកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈភាព និងមិនយកកម្រៃឡើយ។
ជាមួយក្តីសោមនស្សរីករាយជាទីបំផុត ចំពោះសមិទ្ធផលដែលបានកកើតឡើងនៅក្នុងវត្តសុវណ្ណមូលី ក៏ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តត្បូងឃ្មុំ ដែលជាខេត្តមួយទើបបង្កើតក្រោយគេនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហារបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងលុបបំបាត់នូវរាល់អំពើអសកម្មទាំងឡាយ។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចប្រធានរដ្ឋសភា បានសូមប្រគេនពរនិងជូនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំ ៣ ការពារ ដើម្បីទប់ស្តាត់ការឆ្លងរាលជំងឺកូវីដ ១៩ និងត្រូវបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក៕