គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើក ដាក់គង់លើបល្ល័ង្ក ដោយជោគជ័យ ដែលនេះជាស្នាដៃដ៏គួរអោយស្ញប់ស្ញែង និងល្អឯករបស់កូនខ្មែរ។
សូមគោរពជូនជ្រាបថា រូបបដិមាព្រះថោងនាងនាគ គឺជារូបបដិមាធ្វើឡើងពីស្ពាន់ មានទម្ងន់សរុបចំនួន ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ មានប្រវែង២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលអង្កត់ផ្ចិត ៩៩ម៉ែត្រ បែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ក្នុងដំណើរទ្រង់យាងទៅជួបព្រះមាតាបិតានៅឋាន ភុជង្គនាគ ដែល ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ។
នេះជាសម្មិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ តាមរយះនៃកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយទទួលបានការចូលរួមពីគ្រប់មន្រ្តីជំនាញពាក់ព័ន្ធ និងដោយមានការសម្របសម្រួលអនុវត្តយ៉ាងសកម្មពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីអោយការកសាងបដិមាដ៏មានអត្ថន័យនេះឡើងសំរាប់ជាប្រយោជន៍ដល់កូនខ្មែរថែរក្សាទុកតជំនាន់ក្រោយៗទៀត ៕