ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៅក្នុងវិទ្យាល័យ ហ៊ុន សែន កន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។
កញ្ញាវេជ្ជបណ្ឌិត សោ ស្រីពេជ្រ សមាជិកលេខាដ្ឋានតំណាងឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានឡើងមានចំណាប់អារម្មណ៍ និងបានបង្ហាញពីសកម្មភាពការងារកន្លងទៅដែលក្រុមការងារបានបំពេញទៅតាមជំនាញ។ កញ្ញាវេជ្ជបណ្ឌិត បានធ្វើការបេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងចុះអប់រំផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងបន្តផ្ដល់សេវាសុខភាពជូនប្រជាជនឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានដោយឥតគិតថ្លៃ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានលើកឡើងស្ដីពីការអភិវឌ្ឍ និងការអនុវត្តកន្លងមកស្របតាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី០៤ និងការអនុវត្តក្នុងកំណែទម្រង់នានា មិនត្រឹមតេប៉ុណ្ណោះរដ្ឋបាលខេត្តក្រចេះបានខិតខំប្រឹងប្រែងបំពេញការងារប្រលបដោយស្មារតីសាមគ្គី សហការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់មានគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ដបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ និងចុះជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជាពិសេសឯកឧត្តម ហ៊ុន ម៉ានីដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃអញ្ជើញចុះបេសកកម្មនៅថ្ងៃនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានសហការជាមួយអាជ្ញាធរខេត្តក្រចេះក្នុងការរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជានិច្ចកាល ក្រុមការងារគ្រូពេទ្យយើងតែងតែចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរាល់ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានី ខេត្ត មិនថាជិត ឬឆ្ងាយ។
ឯកឧត្តមបានបន្ថែមថា “ខ្ញុំពិតជាសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះការលះបង់ ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ពួកយើងទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់តែនៅក្បែរជាមួយពុក ម៉ែ មា មីង បងប្អូនជាពិសេសក្នុងកាលៈទេសៈរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរ និងក្រុមគ្រូពេទ្យទាំងអស់បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនក្នុងការបំពេញតួនាទីចាំបាច់បម្រើប្រជាពលរដ្ឋ និងផ្ដល់សេវាសុខភាពជូនប្រជាជន ទាំងអស់នេះគឺជាការលះបង់ដ៏ធំធេងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់យើង”។
គួររម្លឹកដែរថា កន្លងមកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអនុវត្តន៍ការងាររបស់ខ្លួនស្របតាមការឧទ្ទេសនាមរបស់ក្រសួងសុខាភិបាលសរុបរួម ១៥ ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង រាជភ្នំពេញ កណ្ដាល ឧត្តរមានជ័យ ស្វាយរៀង សៀមរាប មណ្ឌលគិរី ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង រតនគិរី តាកែវ និងខេត្ដកំពង់ធំ ក្នុងនោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១ ២០៨ រូប។ គិតមកទល់បច្ចុប្បន្នក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងក្នុងរយៈពេល១០ ឆ្នាំហើយរួមមានក្រុមគ្រូពេទ្យចំនួន៥៦៧៩ នាក់ និងចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី ខេត្តចំនួន ៥៥២ លើក៕