ព្រះសីហនុ ៖ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ ចំនួន ៣៥៧នាក់ នៅវិទ្យាល័យសម្ដេចឪក្រុងព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តម គួច ចំរើន បានពាំនាំផ្ដាំផ្ញើសេចក្តីនឹករលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុក ទាំង៥ នៃខេត្តព្រះ សីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសេរីសួរស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារ ហើយថ្ងៃនេះយើងបានជួបជុំគ្នា ដើម្បីធ្វើការសំណេះសំណាលជាមួយអ្នកស្ម័គ្រ ចិត្តភូមិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកឧត្ដមបានបន្ដថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី យើងមានកម្មវិធីជួបសំណេះសំណាលជាមួយនឹងកងទ័ពនៅតាមបណ្ដាកោះនានាក្នុងខេត្ត និងកងទ័ពឈរ ជើងនៅតាមព្រំដែនខេត្តឧត្តរមានជ័យ ក្រោយ ពីចូលឆ្នាំយើងនឹងធ្វើការជួបជុំជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបន្តទៀត។
ឯកឧត្តមបានអភិបាលខេត្ដបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហម និងរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរចំពោះអ្នកស្ម័គ្រចិត្តសាខាកាក បាទក្រហមកម្ពុជាខេត្ត ដែលបានរួមគ្នាធ្វើសកម្មភាពទទួលបាននូវសមិទ្ធផលជាច្រើន ហើយសកម្មភាពរបស់អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែងក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ សាខាកាកបាទក្រហម ក៏ដូចជាអនុសាខាបានបំពេញការងារស្នូលក្នុងការចុះ ចែកស្បៀងក្នុងតំបន់បិទខ្ទប់ នឹងចែកស្បៀង ជូនគ្រួសារក្រីក្រខ្វះខាតជីវភាពជាដើម។
ឯកឧត្តមក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្ម័គ្រចិត្ដ រយៈពេលកន្លងមកទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ហើយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងចូលរួមការពារសន្តិសុខ សុវត្ថិភាពតាមផែនការយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ សមិទ្ធផលដែលយើងបាននាពេលកន្លងមក ទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរបរទេសមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យកម្មវិធីកម្សាន្តរបស់យើងកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
ឯកឧត្ដមអភិបាលខេត្ដបានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើឱ្យខេត្តយើងមានសន្តិសុខ សោភណភាព និងបរិស្ថានល្អ ហើយប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនក្នុងការទុកដាក់សំរាមក្នុងធុង ដើម្បីបង្កើតភាពស្អាត ទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រៅពីការងារមនុស្សធម៌អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជារបស់យើងត្រូវចូលរួមការងារអនាម័យ បរិស្ថានប្រកបដោយសុវត្ថិភាព គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត នឹងមកចូលរួមអភិសេករូបសំណាក់ “ព្រះថោងនាងនាគ” នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ ហើយសមិទ្ធផលរូបសំ ណាកនេះ បង្ហាញនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ និងបង្ហាញពីមោទនភាពរបស់ខេត្ត មានភាពទាក់ទាញអ្នកទេសចរ និងបើកឱកាសអ្នកវិនិយោគជំរុញកំណើនសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ហើយអ្នកដែលទទួលផល គឺប្រជាពលរដ្ឋខេត្តព្រះ សីហនុ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួច និងត្រូវទៅបន្តចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាព ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមឯកសារ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សូមជម្រាបជូនថា ឯកឧត្តមអភិបាលខេត្ដក៏បាននាំយកអំ ណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុចំនួន ៣៥៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស១កញ្ចប់ ជែល១ដប និងថវិកា ១០ម៉ឺនរៀល៕